ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំដើម្បីបង្កើនការទប់ស្កាត់ជំងឺកូវីដ-១៩ ដើម្បីកាត់ផ្តាច់ការឆ្លងក្នុងគ្រួសារ អង្គភាព និងសហគមន៍

កំពង់ឆ្នាំង៖ រសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំដើម្បីធ្វើការទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋានខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត និងលោក លោកស្រីអង្គភាពពាក់ព័ន្ធចូលរួមផងដែរ។

 

ឯកឧត្តម ស៊ុន សុណ្ណារិទ្ធិ បានមានប្រសាសន៍ថា ដើម្បីធានា កុំឱ្យមានការរីករាលដាលជាខ្លាំងនូវជំងឺកូវីដ-១៩ មន្ទីរអង្គភាពពាក់ព័ន្ធត្រូវចូលរួមបន្ថែមទៀតក្នុងកិច្ចការអនុវត្តន៍ឱ្យបានលឿនបំផុត អំពីការទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងខេត្តកំពង់ឆ្នាំង ពិសេសទីតាំងដែលទើបផ្ទុះការរីករាល និងបង្ការកុំឱ្យឆ្លងទៅកន្លែងផ្សេងៗទៀត ជាពិសេស តាមស្ថាប័នរដ្ឋ និងឯកជន ព្រោះកន្លែងទាំងនេះជាកន្លែងប្រមូលផ្តុំគ្នា ដែលទាមទារឱ្យមានការការយកចិត្តទុកដាក់ខ្ពស់បំផុត។

 

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានបញ្ជាក់ថាការចូលរួម ពីគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ក្នុងខេត្ត គឺជាកិច្ចការមួយដ៏ចាំបាច់បំផុត ដែលត្រូវរួមគ្នាចូលរួមប្រយុទ្ធប្រឆាំង និងមេរោគដ៏កាចសាហាវនេះជាដាច់ខាត ដែលបានបង្ករឱ្យមនុស្សស្លាប់ និងឈឺជាបន្តបន្ទាប់ ហើយជាមួយនេះក៏ត្រូវផ្សព្វផ្សាយអំពីវិធានការនានារបស់រដ្ឋបាលខេត្ត ក្រសួងសុខាភិបាលដល់ ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាននិងមន្រ្តីរាជការអនុវត្តឱ្យបានតាមអនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាល គឺ៣ការពារ និង៣កុំ ឱ្យបានជាប់ជាប្រចាំដើម្បីកាត់ផ្តាច់ការឆ្លងក្នុងគ្រួសារ អង្គភាព និងសហគមន៍យើង៕

cbn

Leave a Reply

Your email address will not be published. Required fields are marked *