ព័ត៌មានជាតិ

រដ្ឋបាលខេត្តសៀមរាប ៖ ប្រជាពលរដ្ឋក្រុងសៀមរាបចំនួន១០ ៧៩៥នាក់ ស្រីចំនួន ៥ ៧៨៥នាក់បានចាក់វ៉ាក់សាំងដូសទីមួយរួចរាល់

 

បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងគណៈកម្មការកាតព្វកិច្ចចាក់វ៉ាក់សាំងបានអនុញ្ញាតនិងផ្តល់វ៉ាក់សាំងសម្រាប់ចាក់ដល់បងប្អូនប្រជាពលរដ្ឋខេត្តសៀមរាបរួចមក គិតត្រឹមថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ ប្រជាពលរដ្ឋចំនួន១០ ៧៩៥នាក់ ស្រីចំនួន ៥ ៧៨៥នាក់បានទទួលវ៉ាក់សាំងដូសទីមួយ។ ដោយឡែកប្រជាពលរដ្ឋដែលគ្រូពេទ្យមិនអនុញ្ញាតចាក់ឱ្យមានចំនួន ៧២នាក់ ស្រី ៥៨នាក់ ដោយសារពួកគាត់មានបញ្ហាសុខភាព។

សូមបញ្ជាក់ផងដែរថា រដ្ឋបាលខេត្តបានរៀបចំការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋជាពីរជំហានក្នុងនោះជំហានទីមួយគឺចាក់តាមបណ្តាសង្កាត់ទាំង១២ក្នុងក្រុងចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ហើយជំហានទីពីរគឺអនុវត្តតាមបណ្តាស្រុកដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ។

ទន្ទឹមនឹងការទទួលបានការចាក់វ៉ាក់សាំងនេះ រដ្ឋបាលខេត្តក៏ដូចជាប្រជាពលរដ្ឋសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គណៈកម្មការកាតព្វកិច្ចចាក់វ៉ាក់សាំង និងក្រុមការងារចាក់វ៉ាក់សាំងទាំងអស់ដែលបានរៀបចំនិងបានចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋក្នុងក្រុងសៀមរាបនាពេលនេះ។

ជាមួយនឹងយុទ្ធនាការចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋក្នុងក្រុងសៀមរាប រដ្ឋបាលខេត្តសូមអំពាវនាវបងប្អូនចូលរួមអនុវត្តដូចខាងក្រោម ៖
១. រក្សាគម្លាត សណ្តាប់ធ្នាប់ នៅទីតាំងចាក់វ៉ាក់សាំង តាមសង្កាត់នីមួយៗ
២. សូមកុំប្រជៀត ដណ្តើម និងព្យាយាមរុញគ្នា ដើម្បីបានចាក់មុន
៣. ប្រជាជនដែលនៅតាមបណ្តាស្រុក សូមរងចាំជំហានបន្ទាប់ សូមកុំព្យាយាមមកចុះឈ្មោះចាក់វ៉ាក់សាំងក្នុងក្រុងសៀមរាប ព្រោះយើងនឹងមានយកវ៉ាក់សាំងទៅចាក់នៅស្រុករបស់បងប្អូនផ្ទាល់។
៤. សូមសហការជាមួយ ចៅសង្កាត់ អ្នកសម្របសម្រួលតាមមណ្ឌលចាក់វ៉ាក់សាំងដែលនៅក្បែរផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ
៥. ចំពោះប្រជាជនក្រៅខេត្តសៀមរាបសូមរងចាំវ៉ាក់សាំងដែលគណៈកម្មការបានចាត់ចែងទៅតាមបណ្តាខេត្តរបស់លោកអ្នក៕

cbn

Leave a Reply

Your email address will not be published. Required fields are marked *