ព័ត៌មានជាតិ

ឯកឧត្តមវេង សាខុនបានចូលរួមក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីការចាប់ផ្តើមអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់ទី៣

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីការចាប់ផ្តើមអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់ទី៣ (LASED III) ក្រោមអធិបតីភាព ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តាមរយៈប្រព័ន្ធ Video Conference Zoom Meeting ដែលមានការអញ្ជើញចូលរួមរបស់ លោកស្រី Mariam J. Sherman នាយិកាធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ឯកឧត្តម លោកជំទាវ ក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តទាំង២៤ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទាំង២៤ខេត្ត មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ទាំង២៤ខេត្ត មន្ទីរពាក់ព័ន្ធ អង្គការដៃគូនានា និងអង្គភាពជំនាញតាមខេត្តគោលដៅ ព្រមទាំងប្រជាពលរដ្ឋតាមខេត្តគោលដៅ សរុបប្រមាណជា ៥៥០នាក់។គម្រោងបែងចែកដីសម្បទានសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASEDIII) គឺជាគម្រោងដែលមានសកម្មភាពដើម្បីគាំទ្រដល់ការអនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ចរបស់រាជរដ្ឋាភិបាល ដើម្បីបែងចែកដីដល់អ្នកក្រីក្រគ្មានដីតាមរយៈសម្បទានដីសង្គមកិច្ចដើម្បីលើកកម្ពស់ជីវភាពរបស់គ្រួសារក្រីក្រនិងក្រុមងាយរងគ្រោះ។
គម្រោងអនុវត្តការធ្វើសម្បទានដីសង្គមកិច្ចតាមមូលដ្ឋាន ឃុំដែលជាការផ្ទេរដីឯកជនរបស់រដ្ឋទៅដល់ជនក្រីក្រសម្រាប់គោលបំណងប្រើប្រាស់ជាលំនៅដ្ឋាន និងការធ្វើកសិកម្មតាមគ្រួសារដែលផ្តួចផ្តើមដោយឃុំនិងសមាជិករបស់ខ្លួន៖ (i)ចែកដីរបស់រដ្ឋដែលសមស្របសម្រាប់ផ្នែកកសិកម្មរួមជាមួយនឹងសេវាកម្មគាំទ្រសមស្របទៅដល់គ្រួសារក្រីក្រគ្មានដីធ្លី និងមានដីធ្លីតិចតួចដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់និង (ii)ណែនាំ និងអនុវត្តដំណើរការដោយតម្លាភាពនិងស្តង់ដារដើម្បីពង្រីកការអនុវត្តសម្បទានដីសង្គមកិច្ចដែលផ្តួចផ្តើម ឡើងនៅមូលដ្ឋាន។
គម្រោងនេះចាប់អនុវត្តដោយបែងចែកជា៣ដំណាក់កាល គឺ
 ដំណាក់កាលទី១ (LASED-I ) ឆ្នាំ២០០៨-២០១៥
 ដំណាក់កាលទី២ (LASED-II) ឆ្នាំ២០១៦-២០២១
 ដំណាក់កាលទី៣ (LASED-III) ឆ្នាំ២០២០-២០២៦
គម្រោង (LASED-III) ជាគម្រោងមួយបន្តពីគម្រោង (LASED-II) ដែលទទួលកម្ចីឥណទានពីធនាគារពិភពលោក មានរយៈពេល៦ឆ្នាំ ដែលចាប់អនុវត្តពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ និងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២៦។ គម្រោងមានថវិកាសរុប ១០៧លានដុល្លារអាមេរិក ក្នុងនោះ ៩៣លានដុល្លារអាមេរិក ជាថវិកាកម្ចីពីធនាគារពិភពលោក (IDA) និង១៤លានដុល្លារអាមេរិក ជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា (RGC) ដែលអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
គម្រោងគ្របដណ្តប់លើខេត្តគោលដៅដែលមានដីសមស្របអំណោយផលសម្រាប់យកមកអនុវត្ត លើកលែងតែរាជធានីភ្នំពេញ ដែលផ្តោតការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងការផ្តល់សេវាគាំទ្របច្ចេកទេសសម្រាប់ការប្រកបរបរចិញ្ចឹមជីវិតផ្អែកលើកសិកម្មជាមូលដ្ឋាន។
លទ្ធផលរំពឹងទុកនៃគម្រោង គឺប្រជាពលរដ្ឋក្រីក្រប្រហាក់ប្រហែលចំនួន ១៥ ០០០ គ្រួសារនឹងទទួលបានដីសម្រាប់រស់នៅនិងប្រកបរបរកសិកម្មព្រមទាំងជីវភាពរស់នៅរបស់ពួកគាត់នឹងមានការកើនឡើងតាមរយៈការដាំដុះដំណាំ ការចិញ្ចឹមសត្វ និងការរៀបចំគ្រប់គ្រងជាសហគមន៍កសិកម្ម ដើម្បីនិរន្តរភាពទៅអនាគត។ ម៉្យាងវិញទៀត ពួកគាត់នឹងមានលទ្ធភាពទទួលបានធនធានកសិកម្ម ការរៀបចំទៅជាកសិពាណិជ្ជករនិងសេវាសង្គមទូទៅរួមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្លូវថ្នល់នៅក្នុងសហគមន៍នៃគម្រោងផងដែរ៕

cbn

Leave a Reply

Your email address will not be published. Required fields are marked *