ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រីក៏បានបន្តដំណើរមកកសិដ្ឋានចិញ្ចឹមត្រីរបស់លោក សុខ ហៃ

នាព្រឹកថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រីក៏បានបន្តដំណើរមកកសិដ្ឋានចិញ្ចឹមត្រីរបស់លោក សុខ ហៃ លេខ ទូរសព្ទទំនាក់ទំនង ០៩៧ ៣១៧ ៨០៣០ នៅភូមិត្រពាំងអញ្ចាញ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ លោក សុខ ហៃ បានជម្រាបជូន​ឯកឧត្តមរដ្ឋមន្ត្រីជ្រាបថា រូបលោកបានប្រកាន់យករបរចិញ្ចឹត្រីនេះបានជាង ៣ឆ្នាំ មកហើយដោយមានស្រះធំៗ ចំនួន ២ស្រះ។ ក្នុងស្រះនិមួយៗ គាត់បានដាក់ចិញ្ចឹមកូនត្រីប្រាចំនួនប្រមាណជា ១០០ពាន់ ទៅ ១៣០ពាន់ក្បាល ដែលពេលវេលានៃការដាក់កូនត្រីពូជចិញ្ចឹមមានគម្លាតពេលខុសៗគ្នាពីស្រះមួយទៅស្រះមួយទៀត។ លោកបន្ថែមថាក្នុងមួយរដូវកាលនៃការដាក់កូនត្រីចិញ្ចឹមលោកអាចប្រមូលផលត្រីក្នុងបរិមាណសរុបប្រមាណពី ៥០ទៅ ៨០តោនក្នុង ១ស្រះ។ អ្វីដែលជាវិជ្ជមាននោះគឺ ក្នុងពេលបច្ចុប្បន្ននេះ លោកបានបញ្ជាក់បន្ថែមថា កសិដ្ឋានរបស់លោកមិនមានបញ្ហាទីផ្សារនោះទេ គឺមានទទួលបានការបញ្ជាទិញជាប្រចាំជាង ១-២តោនជារៀងរាល់ថ្ងៃ ហើយតម្លៃដែលទទួលបានគឺ ៥ ០០០រៀល/គីឡូក្រាមលក់ក្នុងខេត្ត និងចន្លុះពី ៤ ៥០០-៥ ០០០រៀល/គីឡូក្រាមលក់ក្រៅខេត្ត។ ហើយដោយមានការថែទាំ ផ្តល់ចំណី និងការណែនាំផ្នែកបច្ចេកទេសពីមន្ត្រីជំនាញ លោករំពឹងថានឹងប្រមូលផលបានច្រេីនជាងការរំពឹងទុក។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការកោតសរសើរ និងលើកទឹកចិត្តចំពោះការព្យាយាម និងខិតខំប្រឹងប្រែងរបស់លោក សុខ ហៃ ក្នុងការប្រកាន់ភ្ជាប់របរចិញ្ចឹមត្រីដើម្បីលើកកម្ពស់វិស័យវារីវប្បកម្មក្នុងស្រុក ហើយក៏សារទរចំពោះព័ត៌មានដែលទទួលបានពាក់ព័ន្ធនឹងទីផ្សារ និងតម្លៃក្នុងខេត្តកំពង់ឆ្នាំងផងដែរ។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានណែនាំដល់ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល មន្ត្រីជំនាញនៃរដ្ឋបាលជលផល និងមន្ទីររាជធានី-ខេត្តទាំងអស់ត្រូវខិតខំសិក្សា ស្រាវជ្រាវ ពិសោធ និងផលិតពូជត្រីដែលមានគុណភាព លើកកម្ពស់ការងារបណ្តុះបណ្តាលបច្ចេកទេសថ្មីៗដើម្បីបង្កើនគុណភាពផលត្រី និងភាពប្រកួតប្រជែង ផ្តល់ការលើកទឹកចិត្ត និងជួយផ្សាភ្ជាប់រវាងវារីវប្បករដែលជាអ្នកផលិតនិងអ្នកប្រមូលទិញ ជាពិសេសពង្រឹងការអនុវត្តច្បាប់ពាក់ព័ន្ធនឹងការលួចនាំចូលខុសច្បាប់។

តាមរបាយការណ៍របស់ឯកឧត្តមពុំសុថាប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផលបានឲ្យដឹងថា សម្រាប់៦ខែ ដើមឆ្នាំ២០២១ ទិន្នផលវារីវប្បកម្មសរុបរួមរបស់ខេត្តកំពង់ឆ្នាំងបានប្រមាណជា ១០ ៥០០តោន ក្នុងនោះស្រះដំណើរការមានចំនួន ៦៣១ ស្រះ ទទួលបានផលត្រីស្មើនឹង ៣ ២០០ តោន និងមានបែសរុបរួមមាន ៧៤០បែ ស្មើ ៧ ៣០០តោន។ ទន្ទឹមនឹងនេះ ក្នុងឆ្នាំ២០២០កន្លងទៅមានការចិញ្ចឹម និងនាំចេញត្រីខ្យាទៅសាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យឡាវ បានជាង ២៥០តោន និងក្នុងឆ្នាំ២០២១ នេះបានប្រមាណជា ១៨០ តោនផងដែរ៕

cbn

Leave a Reply

Your email address will not be published. Required fields are marked *