ព័ត៌មានជាតិ

វឌ្ឍនភាពនៃការអនុ​វត្តគម្រោងសាងស​ង់ស្ថានីយ៍ផលិតកូ​នត្រីពូជនៅភូ​មិបាដើម​សង្កា​ត់សាមឃួយស្រុកសេ​សានខេត្តស្ទឹ​ងត្រែង

វឌ្ឍនភាពនៃការអនុវត្តគម្រោងសាងសង់ស្ថានីយ៍ផលិតកូនត្រីពូជនៅភូមិបាដើមសង្កាត់សាមឃួយ ស្រុកសេសានខេត្តស្ទឹងត្រែង៖ ជាផ្នែកមួយគម្រោងកម្មវិធីទី៤នៃការគ្រប់គ្រងធនធានទឹកចម្រុះទន្លេមេគង្គ ដំណាក់កាលទី៣ (Mekong-Integrated Water Resources Management Phase 3, M-IWRMP3) ។ ចំពោះលទ្ធផលគឺសម្រេចបានកន្លង មានដូចខាងក្រោម ៖
 រដ្ឋបាលជលផលបាននិងកំពុងសាងសង់ស្ថានីយ៍ផលិតកូនត្រីពូជមួយកន្លែងលើផ្ទៃដីទំហំ ១០,៤ហិកតា នៅភូមិបាដើម សង្កាត់សាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង ក្រោមគម្រោងហិរញ្ញប្បទានធនាគារពិភពលោក (M-IWRMP3-C1) ចំនួន មួយលានពីរប្រាំសែនដុល្លារអាមេរិក ។ សំណង់នេះមានទ្រង់ទ្រាយធំ ដែលបានរៀបចំទៅតាមរចនាបទ និងបច្ចេកទេសខ្ពស់ បំពាក់ដោយឧបករណ៍ សម្ភារៈបរិក្ខារទំនើបៗសម្រាប់ដំណើរការ។ ស្ថានីយនេះនឹងបម្រើដល់ការសិក្សាស្រាវជ្រាវ បង្កាត់ភ្ញាស់ ប្រភេទត្រីកំពុងរងគ្រោះថ្នាក់ និងផ្គត់ផ្គង់កូនត្រីពូជ ដែលមានតម្លៃសេដ្ឋកិច្ច ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក និងនាំចេញ។
 ស្ថានីយ៍ផលិតកូនត្រីពូជនេះ មានស្រះមេអាចស្ដុកទឹកបាន ២ ០១៤០ ម៉ែត្រត្រីគុណ ដែលយកប្រភពទឹកពីទន្លេសេកុង ដោយប្រើម៉ូទ័របូមទឹកចំនួន៣គ្រឿង និងមានស្រះកូនត្រីចំនួន១២ ស្រះបំប៉នត្រីសាច់ចំនួន៤ និងស្រះត្រីមេពូជចំនួន៦ទៀត មានប្រព័ន្ធប្រឡាយបញ្ចេញនិងបញ្ចូលទឹក ស្រះចម្រោះទឹកកខ្វក់និងកាកសំណល់ ដើម្បីកែលម្អរគុណភាពទឹក សម្រាប់ប្រើប្រាស់ឡើងវិញ និងការការពារបរិស្ថានដោយមិនបង្ហូរផ្ទាល់ចូលទៅក្នុងទន្លេនិងមានទំនប់ការពារទឹកជំនន់ដែលអាចកើតឡើងជាយថាហេតុ។ ស្ថានីយ៍នេះ មានអគារសម្រាប់ការងារពិសោធន៍ស្រាវជ្រាវ បណ្ដុះបណ្ដាល ការិយាល័យ បណ្ណាល័យ អគារបង្កាត់ ភ្ញាស់ និងថែបំប៉នកូនត្រីចំនួន៦ ព្រមទាំងអគារស្នាក់នៅ សម្រាប់មន្ត្រីរាជការ និស្សិត និងកម្មករ។ ក្នុងស្ថានីយ៍នេះ ក៏បានសាងសង់ឃ្លាំងផ្ទុកសម្ភារ ឃ្លាំងស្ដុកចំណី រោងម៉ាស៊ីនភ្លើង ប្រព័ន្ធផ្លូវបេតុង និង បណ្ដាញអគ្គិសនី ចំណតរថយន្ត របងការពារ រោងយាម និងអណ្តូងទឹកស្អាត។
ទោះបីស្ថានភាពជំងឺកូវីដ១៩កំពុងរាលដាលឆ្លងក្នុងសហគមន៍ក៏ដោយក៏រដ្ឋបាលជលផលបាននិងកំពុងជំរុញការសាងសង់ស្ថានីយ៍នេះ ឱ្យបានរួចរាល់ជាស្ថាពរនៅខែតុលាឆ្នាំ២០២១ តាមការគ្រោងទុក។
ស្ថានីយ៍នេះនឹងមានតួនាទីយ៉ាងសំខាន់ក្នុងវិស័យជលផល ពិសេសការអភិវឌ្ឍវារីវប្បកម្មនៅភូមិភាគ ឦសាន និងធនធានជលផលទឹកសាប៕

cbn

Leave a Reply

Your email address will not be published. Required fields are marked *