ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ផ្ដល់សម្ភារៈជាគ្រឿងឧបភោគបរិភោគ ជូនដល់រដ្ឋបាលស្រុកលើកដែក

ខេត្តកណ្ដាល៖ សម្ភារៈជាគ្រឿងឧបភោគបរិភោគជាច្រើនមានដូចជា៖ អង្ករ ៦៦៦០គីឡូក្រាម ,មី ៣៣៣កេស ,ត្រីខកំប៉ុង ៣៣៣យួរ ,អំបិល ១៦៦,៥០គីឡូក្រាម ,ទឹកស៊ីអ៊ីវ ៣៣៣យួរ ,ទឹកសុទ្ធ ៣៣៣កេស ,ជែល ៣៣៣ដប ,ម៉ាស ៣៣៣០បន្ទះ ត្រូវបានសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលផ្ដល់ជូនរដ្ឋបាលស្រុកលើកដែក សម្រាប់ចែកជូនប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់ ចំនួន ៣៣៣គ្រួសារ ស្ថិតនៅភូមិពាមរាំងលើ ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពស់ខ្ពស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងដោយមានការចូលរួមពី ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល។

 

មានប្រសាសន៍សំណេះសំណាល លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក។ លោកជំទាវកិត្តិសង្គហបណ្ឌិត បន្តថា បេសកកម្មរបស់កាកបាទក្រហមកម្ពុជា គឺជួយសង្គ្រោះដល់អ្នកដែលរងគ្រោះ និងងាយរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ប្រពៃណី ឬនិន្នាការនយោបាយឡើយ ដោយមានពាក្យស្លោកមួយថា ទីណាមានការលំបាក ទីនោះមានកបាទក្រហមកម្ពុជា។

 

ក្នុងឱកាសនោះដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត បានស្នើដល់អាជ្ញាធរស្រុកលើកដែក ត្រូវយកគ្រឿងឧបភោគបរិភោគទាំងអស់នេះ ទៅផ្ដល់ជូនដល់ប្រជាពលរដ្ឋ ដែលកំពុងស្ថិតក្នុងតំបន់បន្ទប់ ឱ្យបានគ្រប់គ្នា និងទាន់ពេលវេលា។

 

លោក ចាប់ ចន្ទវិទ្យា អភិបាលស្រុកលើកដែកបានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ស្រុកលើកដែក មានប្រជាពលរដ្ឋពាក់ព័ន្ធចំនួន ១,៥៩៩នាក់ យកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ចំនួន ១,១៥៩នាក់ អ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១០១នាក់ ព្យាបាលជាសះស្បើយចំនួន ៥៥នាក់ ស្លាប់ចំនួន ០១នាក់។

 

លោកអភិបាលស្រុកលើកដែក ក៏បាន

ឱ្យដឹងទៀតផងដែរថា ស្រុកលើកដែក មាន”តំបន់ក្រហម”ដែលជាតំបន់បិទខ្ទប់ ក្នុងភូមិសាស្ត្រភូមិពាមរាំងលើ “តំបន់លឿងទុំ” ក្នុងភូមិសាស្ត្រភូមិព្រែកតាទួន និង”តំបន់លឿង” ក្នុងភូមិសាស្ត្រភូមិថ្មី នៃឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្ដាល ដែលត្រូវបានបិទខទប់កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១។

cbn

Leave a Reply

Your email address will not be published. Required fields are marked *