ព័ត៌មានជាតិ

អភិបាលខេត្តមណ្ឌលគិរី បាននាំយកអំណោយរបស់អង្គការដៃគូរ ផ្តល់ជូនប្រជាពលដ្ឋខ្វះខាតចំនួន ១១៦គ្រួសារ នៅក្នុងស្រុកកែវសីមា

មណ្ឌលគិរី៖ ដើម្បីជួយដោះស្រាយនូវការខ្វះខាតរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ក្នុងអំឡុងពេលនៃជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរស្រុក និងតំណាងអង្គការដៃគូរជាច្រើនរូប បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ របស់អង្គការ DPA ប្រចាំខេត្តមណ្ឌលគិរី ដើម្បីចែកជូនដល់ប្រជាពលរដ្ឋខ្វះខាតចំនួន ១១៦គ្រួសារ ស្ថិតនៅក្នុងឃុំស្រែព្រះ ស្រុកកែវសីមា។

 

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្តទុកដាក់ និងគិតគូរចំពោះប្រជាពលរដ្ឋទូទៅ ពិសេស ប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា ស្ត្រីមេម៉ាយ កុមារកំព្រា ជនពិការ និងគ្រួសាររងគ្រោះដោយប្រការផ្សេងៗ។

 

ឯកឧត្តម បន្ថែមថា សម្ភារដែលផ្តល់ជូនពលរដ្ឋនាពេលនេះ គឺជាអំណោយមនុស្សធម៌របស់អង្គការ DPA ប្រចាំខេត្តមណ្ឌលគិរី ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាជ្ញាធរខេត្ត ក្នុងការដោះស្រាយ នូវការខ្វះខាតរបស់ពលរដ្ឋបានមួយរយៈ ជាពិសេស ដើម្បីឲ្យពួកគាត់មានលទ្ធផលភាព ក្នុងការបង្កបង្កើនផល និងប្រកបមុខរបរផ្សេងៗបន្ថែមទៀត។

 

ឯកឧត្តម អភិបាលខេត្ត បានថ្លែងអំណរគុណដល់អង្គការ DPA ប្រចាំខេត្តមណ្ឌលគិរី ដែលបានចូលរួមឧបត្ថម្ភជាស្បៀង និងសម្ភារផ្សេងដល់ពលរដ្ឋខ្វះខាត ក្នុងអំឡុងពេលរាតត្បាតនៃជំងឺកូវីដ១៩។ បន្ថែមលើសនេះ ឯកឧត្តម បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំចិញ្ចឹមសត្វ រួមទាំង ដាំដុះដំណាំចម្រុះផ្សេងៗ ដើម្បីធ្វើយ៉ាងណាឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ មានជីវភាពកាន់តែល្អប្រសើរឡើង ជាពិសេស សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ឲ្យបានខ្ជប់ខ្ជួនលើវិធានការ ៣ការពារ និង ៣កុំ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩។

 

នាឱកាសនោះ ឯកឧត្តម អភិបាលខេត្ត និងសហការី បាននាំយកទេយ្យទាន និងបច្ច័យមួយចំនួន ប្រគេនព្រះសង្ឃគង់នៅវត្តស្រែព្រះ។

អំណោយដែលផ្តល់ជូនប្រជាពលរដ្ឋខ្វះខាតចំនួន ១១៦គ្រួសារ មកពីភូមិចំនួន ០៦ ក្នុងឃុំស្រែព្រះ ដោយក្នុង១គ្រួសារ ទទួលបានអង្ករ ៥០គីឡូក្រាម ត្រីខ ប្រេងឆា និងទឹកត្រី ដើម្បីដោះស្រាយការហូបចុកប្រចាំថ្ងៃបានមួយកម្រិតផងដែរ៕

 

 

cbn

Leave a Reply

Your email address will not be published. Required fields are marked *