ព័ត៌មានជាតិ

ឯកឧត្តម ឃួង ស្រេង និងតំណាងស្ថានទូតចិនចុះពិនិត្យការព្យាបាលអ្នកកើតជំងឺកូវីដនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកទីប្រឹក្សាស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះពិនិត្យទីបញ្ជាការស្រាល សួរសុខទុក្ខ និងលើកទឹកចិត្តក្រុមគ្រូពេទ្យ កងកម្លាំងគ្រប់ប្រភេទដែលប្រចាំការក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ព្រមទាំងបានណែនាំដល់អ្នកជំងឺទាំងអស់ដែលកំពុងតែសម្រាកព្យាបាលក្នុងរាជធានីភ្នំពេញចូលរួមសហការជាមួយក្រុមគ្រូពេទ្យ និងអនុវត្តគោរពតាមវិធានការការពាររបស់ក្រសួងសុខាភិបាល និងបទបញ្ជាផ្ទៃក្នុងរបស់មន្ទីរពេទ្យ។

មន្ត្រីជំនាញឱ្យដឹងថា នៅពេលនេះជនបរទេស មន្ត្រីស្ថានទូតចិន ជនជាតិចិន មន្ត្រីស្ថានទូតជប៉ុន និងប្រជាពលរដ្ឋកម្ពុជាចំនួន៤២នាក់ បាននិងកំពុងសំរាកព្យាបាលជំងឺកូវីដនៅក្នុងមន្ទីរពេទ្យរុស្ស៊ី ក្រោយពីអ្នកទាំងនេះត្រូវបានរកឃើញថា មានភាពវិជ្ជមានជំងឺដ៏កាចសាហាវមួយនេះ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភ:។

ក្នុងឱកាសនោះឯកឧត្តម ឃួង ស្រេង បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជា រដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ខ្លាំងណាស់ ក្នុងការទប់ស្កាត់ការបង្ការនូវជំងឺកូវីដ១៩ ក្រោយបានរកឃើញថា មានវិជ្ជាមានកូវីដ-១៩ ហើយយើងបានយកពួកគាត់ទៅដាក់តាមមន្ទីរពេទ្យនានា ដែលយើងបានរៀបចំទុក និងបានយកចិត្តទុកដាក់ក្នុងការព្យាបាលដោយមិនគិតថា អ្នកជំងឺទាំងនោះ ជាជនជាតិបរទេសជនជាតិខ្មែរនោះទេ ហើយការព្យាបាល ក៏មិនត្រូវអោយមានការបង់ប្រាក់នោះដែរ។

ជាមួយគ្នានោះ ឯកឧត្តម ឃួង ស្រេង ក៏បានសូមឲ្យអ្នកជំងឺទាំងអស់សហការជាមួយគ្រូពេទ្យ និងក្រុមការងារដោយរក្សាសណ្តាប់ធ្នាប់របៀបរៀបរយឲ្យបានល្អ គោរពទៅតាមបទបញ្ជាការណែនាំរបស់គ្រូពេទ្យ។ បន្ថែមពីនេះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញក៏បានថ្លែងនូវការអរគុណផងដែរ ចំពោះស្ថានទូតចិនដែលបានសហការបានយ៉ាងល្អ ជុំវិញការស្រាវជ្រាវការផ្ដល់ព័ត៌មានជុំវិញជនជាតិចិនដែលសង្ស័យថាមានផ្ទុកកូវីដ-១៩។

បើតាមលោក ងី ម៉េង ប្រធានមន្ទីរពេទ្យរុស្ស៊ី បានឲ្យដឹងថា នាពេលបច្ចុប្បន្ននេះ មន្ទីរពេទ្យរុស្ស៊ី បាននិងកំពុងព្យាបាលអ្នកជំងឺកូវីដ១៩ ចំនួន៤២នាក់ ដែលមានទាំងមន្ត្រីស្ថានទូតចិន ជនជាតិចិន មន្ត្រីស្ថានទូតជប៉ុន និងប្រជាពលរដ្ឋកម្ពុជាផងដែរ។

ពួកគេទាំងនេះទទួលបានព្យាបាលដោយការយកចិត្តទុកដាក់ពីសំណាក់លោកគ្រូ អ្នកគ្រូនៅមន្ទីរពេទ្យរុស្ស៊ី។ ចំណែកតំណាងស្ថានទូតចិនវិញ ក្នុងឱកាសនោះ ក៏បានអរគុណផងដែរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធររាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់ចំពោះបងប្អូនជនជាតិចិនមានកូវីដ-១៩ ស្នាក់នៅកម្ពុជា។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៦៩៧នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន៤៧៧នាក់ និងអ្នកជំងឺចំនួន២១៧នាក់កំពុងសម្រាកនៅមន្ទីរពេទ្យ៕

cbn

Leave a Reply

Your email address will not be published. Required fields are marked *