ព័ត៌មានជាតិ

កិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាការងារត្រៀមរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ ‍‍«ជិះកង់នៃក្តីស្រឡាញ់»

ខេត្តព្រះសីហនុ ៖ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃអង្គារ ១២រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ បានបើកកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាការងារត្រៀមរៀបចំព្រឹត្តិការណ៍ កីឡាទេសចរណ៍ ‍‍«ជិះកង់នៃក្តីស្រឡាញ់» ការត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ផ្លូវថ្មីទាំង៣៤ខ្សែ និងពិធីបុណ្បសមុទ្រលើកទី៩ ជុំទី៣ ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីប្រតិភូក្រសួងទេសចរណ៍ ក្រសួងដែនដីនគរូប នីយកម្មសំណង់ និងសុរិយោដី អភិបាលក្រុង.ស្រុក និងប្រធានមន្ទីរ អង្គភាពក្នុងខេត្តព្រះសីហនុ ។

ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍បើកកិច្ចប្រជុំដោយបានបញ្ជាក់ថា ខេត្តព្រះសីហនុទទួលបានសមិទ្ធផលធំធេង ដោយសារការដឹកនាំរបស់ឯកឧត្តមអភិបាលខេត្ត ជម្រុញការអភិវឌ្ឍខេត្តដោយរលូន មានផ្លូវថ្នល់ល្អស្អាត ព្រមទាំងកោតសរសើរចំពោះ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ បានចូលរួមការអភិវឌ្ឍខេត្តព្រះសីហនុ មកដល់បច្ចុប្បន្ន មានប្រជាពលរដ្ឋមកពីបណ្តាខេត្តនានា មកលេងកម្យាន្តខេត្តព្រះសីហនុ ហើយសមិទ្ធផលដ៍ធំធេងនេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីក្រសួងទេសចរណ៍បន្តថា ទាក់ទងនឹងព្រឹត្តិការណ៍ជិះកង់នៃក្តីស្រឡាញ់១៤កុម្ភ:  ស្របពេលសភាពការណ៍សកលឯកឧត្តម មានផលប៉ះពាល់ដល់វិស័យទេសចរណ៍។ ការគ្រប់គ្រងជំងឺកូវីដ-១៩ ប្រទេសខ្លះគ្រប់គ្រងទទួលបានជោគជ័យ ប្រទេសខ្លះមិនជោគជ័យ ដោយឡែកកម្ពុជាមាន ការគ្រប់គ្រងបានល្អ មានអ្នកឆ្លងតិច មានអ្នកព្យាបាលជា មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ ហើយការឆ្លងសហគមន៍យើងធ្វើការគ្រប់គ្រងបានទាន់ពេលវេលា ដោយសារមានការណែនាំពីសម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវវិធានការការពារ និងទប់ស្កាត់បានទាន់ពេលវេលា។

ឯកឧត្តមបន្តទៀតថា កម្ពុជាបាននិងកំពុងជំរុញវិស័យកសិកម្ម ឧស្សាហកម្ម និងបន្តជំរុញកម្មវិធីចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។ ម្យ៉ាងទៀតអាស៊ានជំរុញការចាក់វ៉ាក់សាំងសម្រាប់ទេសចរក្នុងស្រុក  និងទេសចរក្នុងអាស៊ាន។ ឆ្នាំ២០២១នេះជាដំណាក់កាលចាប់ផ្តើមឡើងវិញ នៃការរៀបចំជំរុញទេសចរណ៍ក្នុងស្រុក និងទទួលទេសចរបរទេស ដោយពង្រឹងគោលដៅសុវត្ថិភាព រៀបចំសមិទ្ធិផលទេសចរណ៍ មានដូចជាសហគមន៍ទេសចរណ៍ ស្របតាមនិន្នាការយើងអាចរៀបចំព្រឹត្តិការណ៍កីឡាទាក់ទាញទេសចរ ក៍ប៉ុន្តែយើងមិនអាចរៀបចំកម្មវីធីទេសចរណ៍ដែលមានមនុស្សច្រើនដូចជា ការរត់ប្រណាំងម៉ារ៉ាតុង ជាដើម ព្រោះយើងត្រូវរក្សាគម្លាតសុវត្ថិភាព។ ការជិះកង់នៃក្តីស្រឡាញ់ បានបង្ហាញគោលដៅ ទេសចរណ៍ និងផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍តំបន់ឆ្នេរនៃខេត្តព្រះសីហនុដល់ទេសចរក្នុងស្រុក និងទេសចរបរទេសមកកាន់ខេត្តព្រះសីហនុកាន់តែច្រើនឡើងនៅពេលខាងមុខ។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ណែនាំឱ្យក្រុមការងារចាប់ផ្ដើមបង្កើតក្រុមការងារ អន្តរក្រសួង ដើម្បីធ្វើកិច្ចការងារតាមមុខព្រួញនីមួយៗ សំដៅរៀបចំពិធីបុណ្យទាំងមូលឱ្យបានរលូន។ ក្នុងនោះមានកម្មវិធីសម្ដែងសិល្បៈ ព្រឹត្តិការណ៍កីឡា ការការពារសុខសន្តិភាព ការរៀបចំតុបតែងសោភ័ណភាពនៅតាមទីសាធារណៈ តាមឆ្នេរសមុទ្រ និងទីតាំងសំខាន់មួយចំនួនទៀត។ ចំពោះការរៀបចំឱ្យមានវិថីម្ហូបអាហារ ក៏ត្រូវបានឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន គាំទ្ររៀបចំឱ្យបានល្អប្រសើរ។

ឯកឧត្តមបានជំរុញឱ្យមានការនាំយកផលិតផលកសិកម្ម សិប្បកម្ម ផលិតផលពាណិជ្ជកម្មក្នុងស្រុកមកតាំងបង្ហាញក្នុងពិធីបុណ្យឱ្យបានច្រើនបំផុត។ ក្រៅពីនេះត្រូវផ្សព្វផ្សាយផលិតផលទេសចរណ៍ សក្ដានុពលទេសចរណ៍ដែលមាននៅតាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍ តំបន់ទេសចរណ៍ធម្មជាតិ សក្ដានុពលនៅតាមតំបន់ឆ្នេរសមុទ្រ នៅតាមកោះ និងនៅសមុទ្រឱ្យបានទូលំទំលាយនៅក្នុងពិធីបុណ្យនេះ។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា ទោះបីរាជរដ្ឋាភិបាលរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នេះក៏ពិតមែន ប៉ុន្តែគណៈកម្មការរៀបចំត្រូវតែប្រកាន់ខ្ជាប់ឱ្យបានម៉ឺងម៉ាត់នូវ វិធានសុវត្ថិភាពទេសចរណ៍ របស់ក្រសួងទេសចរណ៍ ការអនុវត្តតាមវិធានអនាម័យរបស់ក្រសួងសុខាភិបាល ក៏ដូចជាអនុសាសន៍ ៣កុំ និង៣ការពារ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជាប់ជានិច្ច ដាច់ខាតត្រូវរួមគ្នា អនុវត្តឱ្យបានហ្មត់ចត់បំផុត។

ឯកឧត្តមអភិបាលខេត្ត គួច ចំរើន បានប្ដេជ្ញាអំពីការចូលរួមអនុវត្តកិច្ចការជាមួយក្រសួងទេសចរណ៍ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដោយមានការចាត់ឱ្យមន្ត្រីជំនាញនៅរដ្ឋបាលខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ ដើម្បីអនុវត្តការងារតាមមុខការរៀងខ្លួន ទាំងការងាររៀបចំទីតាំងពិធីបុណ្យ ការត្រៀមការការពារបញ្ហាសន្តិសុខ សុវត្ថិភាពថ្នាក់ដឹកនាំ អ្នករៀបចំកម្មវិធី ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ការរៀបចំតុបតែងកែលម្អសោភ័ណភាពក្នុងទីក្រុង តាមផ្លូវសាធារណៈជាដើម៕

cbn

Leave a Reply

Your email address will not be published. Required fields are marked *