ព័ត៌មានជាតិ

ឈើគ្រឿងផ្ទះជិត១០ម៉ែត្រគូបក្រុមឈ្មួញត្រៀមអូសទម្លាក់ទឹកទន្លេសេកុងដឹកតាមទូកចូលក្រុង

ស្ទឹងត្រែង៖ប្រជាពលរដ្ឋបានឱ្យដឹងនៅរសៀលថ្ងៃទី៣ខែកុម្ភៈឆ្នាំ២០២១នេះថាមានឈើប្រភេទគ្រឿងផ្ទះប្រមាណពី៨ទៅ១០ម៉ែត្រគូបដែលក្រុមឈ្មួញប្រមូលគ្នាពី១០ទៅ២០នាក់អូសទម្លាក់ទឹកទន្លេសេកុងត្រង់អូរញ៉ាងភូមិញឺនឃុំស្ដៅស្រុកសេសានខេត្តស្ទឹងត្រែង។


តាមប្រភពព័ត៌មានបានឱ្យដឹងទៀតថាឈើប្រភេទគ្រឿងផ្ទះនេះត្រូវបានឈ្មួញចូលទៅក្នុងព្រៃប្រើម៉ាស៊ីនត្រង់ស៊ីន័រកាត់ផ្ដួលរំលំអារច្រៀករួចលើកដាក់គោយន្តកន្ត្រៃមកទម្លាក់ក្បែរមាត់ទន្លេសេកុងត្រង់ចំណុចអូរញ៉ាងភូមិញឺនឃុំស្ដៅដើម្បីរង់ចាំដឹកចេញបន្ត។

ក្រោយពីឈើគ្រឿងផ្ទះដែលគេដឹកចេញពីក្នុងព្រៃមកទម្លាក់នៅក្បែរមាត់ទន្លេរួចជាស្រេចនៅរសៀលថ្ងៃនេះឈ្មួញបានប្រមូលគ្នាប្រមាណពី១០ទៅ២០នាក់ត្រៀមលើកឈើដាក់ទូកបន្តដឹកយកមកកាន់ទីរួមខេត្តស្ទឹងត្រែង។


ក្រុមឈ្មួញទាំងនោះមានអ្នកខ្លះបានពាក់ឯកសណ្ឋានស្ថាប័ននគរបាលដើម្បីបន្លាចក្នុងការដឹកជញ្ជូនឈើពីព្រៃចុះទូក។តាមការឱ្យដឹងទៀតថាមានសមត្ថកិច្ចមួយចំនួននៅពីក្រោយខ្នងជំនួញឈើគ្រឿងផ្ទះដឹកពីចំណុចភូមិសាស្ត្រភូមិញឺនឃុំស្ដៅស្រុកសេសានមកកាន់ក្រុងស្ទឹងត្រែង។បើពុំមានអ្នកនៅពីក្រោយខ្នងទេនោះពួកគេក៏មិនហ៊ានពាក់ឯកសណ្ឋានសមត្ថកិច្ចបន្លាចដល់គេឯងដែរ៕

  

cbn

Leave a Reply

Your email address will not be published. Required fields are marked *