ព័ត៌មានជាតិ

ឯកឧត្តម ប៉ាន សូរស័ក្តិ កោតសរសើរចំពោះគណៈប្រតិភូដឹកនាំក្រុមកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ

ខេត្តកណ្តាល ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែងនូវការកោតសរសើរចំពោះគណៈប្រតិភូដឹកនាំក្រុមកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ តាមបណ្ដាខេត្តក្នុងភូមិភាគបឹងទន្លេសាប ដែលបានដឹកនាំកីឡាករ-កីឡាការិនី របស់ខ្លួនមកចូលរួមក្នុងការប្រកួតនេះដោយឈរលើស្មារតី មិត្តភាព សាមគ្គីភាព និងគោរពបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសនៃការប្រកួត ដោយមិនគិតពីការយក ចាញ់ ឈ្នះ។

ឯកឧត្តមបានថ្លែងដូច្នេះ នៅក្នុងពិធីបិទការប្រកួតកីឡាប្រណាំងទូកប្រពៃណី ទូកនាគ ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីង ជ្រើសរើសជើងឯកពានរង្វាន់ សម្តេចក្រឡាហោម ស ខេង លើកទី៧ ឆ្នាំ២០២០ នៅវេទិកាប្រារព្ធពិធី សួនច្បារមាត់ទន្លេ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១។

ឯកឧត្តមបានបន្តថា កីឡាគឺធ្វើឡើងដើម្បីសុខភាព សន្តិភាព មិត្តភាពសាមគ្គីភាព និងដើម្បីបង្កើតនូវ គុណផលបច្ចេកទេស តាមទិសស្លោក កីឡាកសាងមនុស្ស-មនុស្សកសាងជាតិ ដើម្បីភាពសុខដុមរមនានៅក្នុងសង្គម។

ឯកឧត្តមបានបន្តទៀតថា បច្ចុប្បន្ននេះប្រភេទកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ទូកកាណូ និងទូករ៉ូអ៉ឹង នៅកម្ពុជាកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនិងគាំទ្របណ្ដាបណ្ដាលពីបាកចិត្តចាប់តាំងពីសហព័ន្ធបានកែទម្រង់រចនាសម្ព័ន្ធគ្រប់គ្រងរបស់ខ្លួន ហើយសមត្ថភាពរបស់កីឡាករ-កីឡាការិនី ក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ប៉ុន្តែយ៉ាងណាក៏ដោយក៏តម្រូវឲ្យគ្រប់សហព័ន្ធ ក៏ដូចជាកីឡាករ-កីឡាការិនីទាំងអស់ ត្រូវខិតខំបង្កើនសមត្ថភាពបន្ថែមទៀតទាំងបរិមាណ និងគុណភាព ដើម្បីអាចចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ (SEA GAME) ឆ្នាំ២០២៣ ទទួលបានលទ្ធផលល្អ។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលបានបញ្ចាក់ថា ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ គឺធ្វើឡើងដើម្បីបំផុត និងលើកកម្ពស់ប្រភេទកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីង ឲ្យមានសកម្មភាពនៅទូទាំងប្រទេស ជាពិសេសគឺយុវជនចូលរួមលេងកីឡា និងជៀសឆ្ងាយពីគ្រឿងញៀន ក៏ដូចជាការលើកកម្ពស់ សុខមាលភាព សមត្ថភាពកីឡាករ កីឡាការិនី សម្រាប់ចូលរួមការប្រកួតកីឡាទូកថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ ដើម្បីឆ្ពោះទៅកីឡាស៊ីហ្គេម (SEA GAME) លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ។

ឯកឧត្តមអភិបាលបានបញ្ជាក់បន្តថា ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្ដរជាតិ ជ្រើសរើសជើងឯកថ្នាក់ជាតិ ពាន់រង្វាន់សម្ដេចក្រឡាហោម ស ខេង លើកទី៧ ឆ្នាំ២០២០នាពេលនេះ មានសមាគម ប្រតិភូ គ្រូបង្វិក កីឡាករ កីឡាការី ចូលរួមចំនួន១៩ ក្រុម សរុបប្រតិភូ គ្រូបង្វិក កីឡាករ កីឡាការិនីទាំងអស់មានចំនួន ៣០០រូប កីឡាការិនី ៥៧រូប មាន ៥ វិញ្ញាសាប្រកួត ។

សូមជម្រាបថា ចំពោះលទ្ធផលនៃការប្រកួតទាំង ៥វិញ្ញាសា អស់រយៈពេល៣ថ្ងៃកន្លងមកនេះ គឺវិញ្ញាសាទូកកាណូចម្ងាយ ៥០០ម៉ែត្រ ផ្នែកបុរស ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាករ ហ៊ល លីដា ចំណាត់ថ្នាក់លេខ២ បានទៅលើកីឡាករ វ៉ាន់ថា សកុណណូ ចំណាត់ថ្នាក់លេខ៣ បានទៅលើកីឡាក ឡា សុខនឹម។ វិញ្ញាសាទូកកាយ៉ាក់ ចំងាយ ៥០០ម៉ែត្រ ផ្នែកបុរស ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាករ លី ទហៀត ចំណាត់ថ្នាក់លេខ២ បានទៅលើកីឡាករ ហ៊ល ដាលិ ចំណាត់ថ្នាក់លេខ៣ បានទៅលើកីឡាករ លី ម៉ូស្លីម។ វិញ្ញាសាទូករ៉ូអ៉ឹង ចម្ងាយ ១០០០ម៉ែត្រ ផ្នែកបុរសចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាករ ឡាសំណាង ចំណាត់ថ្នាក់លេខ២ បានទៅលើកីឡាករ សែម កញ្ញា ចំណាត់ថ្នាក់លេខ៣ បានទៅលើកីឡាករ ផាន សុខភាន។ វិញ្ញាសាទូកខ្នាតអន្តរជាតិទូកនាគចម្ងាយ ៥០០ម៉ែត្រ ចំណុះ ១២នាក់ ផ្នែកនារី ចំណាត់ថ្នាក់លេខ១ បានទៅលើសមាគមកីឡាទូកខេត្តកណ្ដាល ចំណាត់ថ្នាក់លេខ២ បានទៅលើសមាគមកីឡាទូកខេត្តស្វាយរៀង ចំណាត់ថ្នាក់លេខ៣ បានទៅលើសមាគមកីឡាទូករាជធានីភ្នំពេញ។ សម្រាប់វិញ្ញាសា ទូកប្រពៃណីខ្នាតអន្តរជាតិចម្ងាយ ៨០០ម៉ែត្រ ចំណុះ ១២នាក់ ផ្នែកបុរសចំណាត់ថ្នាក់លេខ១ បានទៅលើសមាគមកីឡាទូកក្រសួងមហាផ្ទៃ ចំណាត់ថ្នាក់លេខ២ បានទៅលើសមាគមកីឡាទូកខេត្តបាត់ដំបង និងចំណាត់ថ្នាក់លេខ៣ បានទៅលើសមាគមកីឡាទូកខេត្តកណ្ដាល៕

cbn

Leave a Reply

Your email address will not be published. Required fields are marked *