ខេត្តបន្ទាយមានជ័យ ៖ សហគមន៍កសិកម្ម បណ្តុំកសិករ និងស្ថាប័នឯកជនទទួលឧបករណ៍ព្រោះស្រូវអង្ករ៥០គ្រឿងពីមន្ទីរ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដែលជាអំណោយរបស់សម្តេចតេជោ ដែលម៉ាស៊ីនទាំងនេះនឹងជួយព្រោះស្រូវជាជួរ ស្មើសាច់ និងមានដំណុះដើមស្រូវបានល្អ ហើយចំណេញពេលវេលានឹងលើចំណាយថ្លៃដើមទាំងលើការព្រោះស្រូវពូជ។
លោក ប៉ាង វណ្ណាសេដ្ឋ មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តបន្ទាយមានជ័យបានប្រាប់ឲ្យដឹងនៅពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ នៅមន្ទីរសាលាខេត្តថា ម៉ាស៊ីនព្រោះស្រូវ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបាន ប្រគល់ឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយក្រសួងបានបែងចែកមកមន្ទីរចំនួន៥០គ្រឿង សម្រាប់ផ្តល់ដល់សហគមន៍កសិកម្ម បណ្តុំកសិករ និងស្ថាប័នឯកជនក្នុងខេត្តបន្ទាយមានជ័យ។ លោកថា បំណងដែលក្រសួងក៏ដូចមន្ទីរជំរុញ និងជួយជ្រោមជ្រែងគឺចង់ឲ្យកសិករប្រើប្រាស់និងពង្រឹងពូជស្រូវល្អទើបធានាទទួលបានផលល្អ ច្រើននិងមានគុណភាព ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានថ្លែងឲ្យដឹងថា រាជរដ្ឋាភិបាលដែលមានសម្តេចតេជោហ៊ុន សែន ជាប្រមុខបានគិតគូរយកចិត្តទុកដាក់យ៉ាងខ្លាំងដល់វិស័យកសិកម្ម និងកសិករ។ ក្នុងនោះមានអនុវិស័យផលិតកម្មស្រូវ ដែលសម្រាប់ផ្គត់ផ្គង់ជាស្បៀង ហូបចុក និងបម្រើដល់ការនាំចេញ។ ឯកឧត្តមបញ្ជាក់ថា សម្រាប់ខេត្តបន្ទាយមានជ័យ មានស្កតានុពល និងវិសាលភាពធំទូលាយខាងវិស័យកសិកម្មតាំងពីដំណាំស្រូវ បន្លែ ដំឡូងមី ពោត សណ្តែកសៀង ការចិញ្ចឹមត្រី និងការចិញ្ចឹមសត្វជាម្ហូបអាហារផង។
ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តមថ្លែងអំណរគុណសម្តេចតេជោ ក៏ដូចក្រសួងកសិកម្មដែលបានផ្តល់ម៉ាស៊ីនព្រោះស្រូវនេះ ហើយសង្ឃឹមថា សហគមន៍កសិកម្ម បណ្តុំកសិករ និងស្ថាប័នឯកជនដែលជាអ្នកទួលផលពីអំណោយនេះយកទៅប្រើប្រាសចំគោលដៅ និងមានប្រយោជន៍ដល់ជីវភាពគ្រួសារ និងសេដ្ឋកិច្ចជាតិ។
គួររម្លឹកថា រដូវស្សាឆ្នាំ២០១៩-២០ កន្លងមកនេះ កសិករក្នុងខេត្តបន្ទាយមានជ័យបានធ្វើស្រូវវស្សាបានជិត២៦ម៉ឺនហិកតា ឬជាង១១៦ ភាគរយនៃផែនការ។ ឯស្រូវប្រាំងចុងរដូវវស្សាវិញ លើផែនការ២២.០០០ហិកតា មកទល់ពេលនេះ កសិករធ្វើលើកទី១ បានជាង ១៥.០០០ហិកតាហើយ៕