ព័ត៌មានជាតិ

ឯកឧត្តម គួច ចំរើន អញ្ជើញជាអធិបតីបើកបវេសនកាលឆ្នាំសិក្សា២០២០-២០២១ នៅវិទ្យាល័យ ហ៊ុន សែន មិត្តភាព

ខេត្តព្រះសីហនុ ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២០-២០២១ នៅក្នុងបរិវេនសាលាវិទ្យាល័យ ហ៊ុន សែន មិត្តភាព ស្ថិតនៅសង្កាត់លេខ៤ ក្រុង.ខេត្តព្រះសីហនុ មានការចូលរួមពីលោកអុី សុខឡេង អភិបាលក្រុងព្រះសីហនុ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករនៅព្រឹកថ្ងៃចន្ទ ១៣រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។

លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ បានរាយការណ៍ជូនអង្គពិធីថា វិស័យអប់រំនៅខេត្តព្រះសីហនុ ដើរលើផ្លូវមួយប្រកបដោយមោទនភាព និងបង្កឱកាសឱ្យកុមារទទួលបានការសិក្សាក្រោមម្លប់សន្តិភាព ដែលមានសម្តេចអគ្គមមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានបញ្ញាញាណឈ្លាសវៃ លើកកម្ពស់គុណភាពអប់រំ ដើម្បីឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ២០១៦-២០៣០ ចូលរួមអភិវឌ្ឍប្រទេសជាតិ។

លោកស្រីប្រធានមន្ទីរអប់រំបានបន្តថា សាលារៀននៅខេត្តព្រះសីហនុ មានចំនួន ១០១សាលា ក្នុងនោះ មត្តេយ្យដាច់ដោយឡែកមាន ០១សាលា បឋមសិក្សាចំនួនមាន៧២សាលា អនុវិទ្យាល័យ១៨សាលា វិទ្យាល័យ ០៩ សាលាគរុកោសល្យ និងវិក្រឹតការ ០១កន្លែង។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុបាន មានប្រសាសន៍និងអបអរសាទរការបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២០- ២០២១ ព្រមទាំងបានអានសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសន កាលថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ជាថ្ងៃបើកទំព័រថ្មីនៃការចាប់ផ្ដើមជីវិតសិក្សាដំបូងរបស់ក្មួយៗដែលទើបដល់អាយុត្រូវចូលសាលារៀន និងជាថ្ងៃត្រឡប់មកកាន់សាលារៀនវិញក្នុងឆ្នាំសិក្សាថ្មីបន្ទាប់ពីបានឆ្លងកាត់ និងទទួលបទពិសោធន៍នៃការអប់រំក្នុងសម័យ Covid- ១៩ ក្នុងឆ្នាំសិក្សា២០១៩- ២០២០ កន្លងមក ថ្វីត្បិតឆ្នាំនេះព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាពិភពលោកកំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលមិនទាន់មានភាពច្បាស់លាស់ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជា នៅតែប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២០-២០២១ ក្រោមទស្សនទានថ្មីនៃគន្លងជីវិតថ្មី ក្នុងវិស័យអប់រំ ។

ឯកឧត្តមអភិបាលខេត្តបានបន្តថា យើងត្រូវស្ថិតនៅក្នុងគន្លងថ្មីដោយរក្សាគម្លាត ការលាងសម្អាតដៃ ការវាស់កំដៅនៅតែបន្តអនុវត្ត ថ្វីត្បិតតែការបើកបវេសនការឆ្នាំសិក្សាថ្មីនេះ មិនអាចជួបជុំគ្នាក្នុងទ្រង់ទ្រាយធំយ៉ាងណាក៏ដោយសម្រាប់ខេត្តព្រះសីហនុ បានបើកបវេសនកាលឆ្នាំសិក្សាថ្មីនៅគ្រប់គ្រឹះស្ថានសិក្សាចំនួន ៩៥កន្លែង។ ហើយយើងមានបទពិសោធន៍ក្នុងការគ្រប់គ្រងការបង្រៀននៅ ក្នុងសហគមន៍នាឆ្នាំកន្លងមកដែលក្រសួងអប់រំបានច្នៃប្រឌិតបង្រៀនច្រើនរបៀបតាមបណ្ដាញឌីជីថល តាមអនឡាញ ក៏ប៉ុន្តែមិនអាចឱ្យសិស្សរៀនបានគ្រប់គ្នានៅទូទាំងខេត្ត ដោយសារពួកគាត់ខ្វះស្មាតហ្វូន និងកន្លែងមួយចំនួនមិនមានសេវា Internet ។ កន្លងមកលោកគ្រូ អ្នកគ្រូរបស់យើងបានខិតខំចុះទៅតាមគោលដៅក្នុងសហគមន៍ ដើម្បីផ្តល់ឱកាសឱ្យសិស្សបានសិក្សាតាមរយៈការលើកទឹកចិត្តពីលោកគ្រូ អ្នកគ្រូនៅគ្រប់កម្រិតសិក្សា ម្យ៉ាងទៀតមានការចូលរួមពីមាតា បិតាជម្រុញកូនចៅចូលរួមសិក្សាតាមប្រព័ន្ធអនឡាញ យើងជំនះបានជាបន្តបន្ទាប់។

ឯកឧត្តមបន្តថា ថ្វីត្បិតតែយើងត្រូវរក្សាគម្លាតដែលតម្រូវសាលាមួយចំនួនត្រូវចែកវេនសិក្សា និងធ្វើស្វ័យសិក្សាតាមប្រព័ន្ធអនឡាញ ឬតាមប្រពន្ធឌីជីធល ដើម្បីអភិវឌ្ឍន៍សមត្ថមភាពអោយកាន់តែល្អប្រសើរ។ មន្ទីរអប់រំត្រូវរៀបចំផែនការ និងសកម្មភាពនៃការប្រែប្រួលដោយសារកូវីដ-១៩ ហើយថ្ងៃនេះជាការចាប់ផ្ដើមបើកបវេសនកាលឆ្នាំសិក្សាថ្មីតាមបរិបទថ្មី ដោយបង្កើនសមត្ថភាពលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសម្រាប់អនាគតប្រទេសជាតិ ។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្តក៏បានផ្តាំផ្ញើដល់ក្មួយៗសិស្សានុសិស្សត្រូវខិតខំសិក្សារៀនសូត្រចែករំលែកផ្តល់អត្ថប្រយោជន៍ និងទទួលបាននូវចំណេះដឹងពីលោកគ្រូ អ្នកគ្រូ ដើម្បីយើងមានធនធានក្នុងការចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសជាតិមានសុខសន្តិភាព  មានការអភិវឌ្ឍន៍មូលដ្ឋានសម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិមកលេងកម្សាន្តខេត្តរបស់យើង ម្យ៉ាងទៀតយើងក៏ត្រូវអភិវឌ្ឍន៍ក្រុងរបស់យើងប្រកបដោយផាសុខភាពនៃការរីកចម្រើន។ ទន្ទឹមនឹងនោះឯកឧត្តមអភិបាលខេត្ត ក៏បានកោតសរសើរចំពោះលោកគ្រូ អ្នកគ្រូដែលបានខិតខំបំពេញការងារនាឆ្នាំកន្លងមកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅទូទាំងខេត្តទទួលបានលទ្ធផលល្អប្រសើរផងដែរ៕

cbn

Leave a Reply

Your email address will not be published. Required fields are marked *