ព័ត៌មានជាតិ

ថ្ងៃនេះជាខួបអាពាហ៍ពិពាហ៍៤៥ឆ្នាំ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រៀបចំដោយខ្មែរក្រហម

ភ្នំពេញ ៖ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១នេះ គឺជាខួប៤៥ឆ្នាំ (៥ មករា ១៩៧៦-៥ មករា ២០២១) នៃចំណងអាពាហ៍ពិពាហ៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជាមួយគូស្រករ១២គូផ្សេងទៀត ដែលរៀបចំដោយខ្មែរក្រហម។

តាមរយៈ Facebook សម្តេចតេជោ ហ៊ុន សែន បានសរសេរដូច្នេះថា ៖ នៅថ្ងៃទី០៥ ខែមករានេះ គឺជាខួបអាពាហ៍ពិពាហ៍៤៥ឆ្នាំ របស់ខ្ញុំ (៥មករា១៩៧៦-៥មករា២០២១)។ ខ្ញុំតែងតែគិតថាអ្វីដែលខ្ញុំនិងភរិយាបានឆ្លងកាត់ក្នុងសម័យសង្រ្គាមគឺពុំគួរឱ្យជឿថា ខ្ញុំអាចមានជីវិតរហូតមកដល់សព្វថ្ងៃនេះឡើយ។ ជីវិតយុទ្ធជនក្នុងភ្លើងសង្គ្រាម ពិសេសក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពតដែលយើងត្រូវតស៊ូផ្ដួលរំលំដោយយកជីវិតធ្វើដើមទុន គឺមិនមែនជារឿងសាមញ្ញនោះឡើយ។

ជីវិតប្តីប្រពន្ធបន្ទាប់ពីរៀបការគ្មានទេដែលហៅថាសេចក្តីសុខ។ ខ្ញុំបានស្លាប់កូនទី១និងបែកគ្នាក្នុងពេលកូនទី២នៅក្នុងផ្ទៃម្តាយ៥ខែ រហូតជួបគ្នាជាថ្មី ដែលកូនប្រុសបង (ម៉ាណែត) ហៅខ្ញុំថា ពូអស់រយៈពេល២ខែ។ ទាំងនេះគឺសុទ្ធតែរឿងរ៉ាវមិនគ្រាន់តែសម្រាប់ខ្ញុំនិងភរិយាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជារឿងរ៉ាវដែលបានកើតឡើងសំរាប់ប្រជាជនកម្ពុជាទូទាំងប្រទេសដែលបានឆ្លងកាត់ក្នុងសម័យនោះផង ដែរ។ “ទុក្ខស្រីប្តីព្រាត់” បានធ្វើឱ្យខ្ញុំនិងភរិយាស្រក់ទឹកភ្នែករាប់លានដំណក់។ ប៉ុន្តែទឹកភ្នែកនេះគឺបាននាំមកនូវការរស់រានមានជីវិតសម្រាប់ប្រជាជនទូទាំងប្រទេស រាប់ទាំងក្រុមគ្រួសារខ្ញុំដែរ។

ចាប់ផ្តើមពីប្តីប្រពន្ធដ៏កំសត់វ័យក្មេង២នាក់ រហូតមកដល់ពេលនេះយើងមានកូន និងចៅយ៉ាងច្រើន ប៉ុន្តែនៅតែចងចាំជានិច្ចចំពោះជីវិតតស៊ូដ៏លំបាកបំផុតរបស់ខ្ញុំនិងភរិយាជាទីស្រឡាញ់។ ខ្ញុំ និងភរិយាសូមជូនពរបងប្អូនជនរួមជាតិទូទាំងប្រទេស ជួបប្រទះតែសេចក្តីសុខ និងសំណាងល្អក្នុងឆ្នាំសកលថ្មី ២០២១ កុំបីខានឡើយ៕

cbn

Leave a Reply

Your email address will not be published. Required fields are marked *