ព័ត៌មានជាតិ

ឯកឧត្តម ម៉ែន វិបុល នាំអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្តចែកអ្នករស់នៅជាមួយមេរោគអេដស៍ជំងឺអេដស៍ចំនួន២០គ្រួសារ

ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃចន្ទ ៦រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០២១សាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង បានរៀបចំប្រារព្ធធ្វើពិធីសំណេះសំណាល និងចែក អំណោយ មនុស្សធម៌ដល់អ្នករស់នៅជាមួយ មេរោគអេដស៍ ជំងឺអេដស៍ និងកុមារកំព្រាដោយសារមេរោគអេដស៍ នៅក្នុងកម្រិត ក្រ១ មកពី៦សង្កាត់ ក្នុងក្រុងស្វាយរៀង និងបុគ្គលិកបណ្តាញ សរុបចំនួន២០គ្រួសារ នៅអនុសាខាកាកបាទក្រហមកម្ពុជាក្រុងស្វាយរៀង ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ក្នុងនាមគណៈកម្មាធិការសាខា  និអនុសាខា។

ក្នុងគោលបំណងដើម្បីចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងលើកកម្ពស់កិត្តិនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា ជាឥស្សរជនឆ្នើម ថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្លើយតប មេរោគ អេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍន៍ នៅកម្ពុជា។

មានប្រសាសន៍ សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម ម៉ែន វិបុល បានពាំនាំនូវ ប្រសាសន៍របស់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និង មនោសញ្ចេតនាអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះប្រជាពលរដ្ឋទាំងអស់ ព្រមទាំងបានផ្តាំផ្ញើឲ្យយកចិត្តទុកដាក់ គិតគូរថែទាំសុខភាពទាំងផ្លូវកាយ-ផ្លូវចិត្ត ឲ្យបានរឹងមាំ លេបថ្នាំតាមវេជ្ជបញ្ជារ ហើយទម្លាប់រស់នៅធម្មតា តាមបែបគន្លងថ្មី ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងចូលរួមទាំងអស់គ្នា ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងទិសដៅបញ្ចប់បញ្ហាអេដស៍ដែលជាការគម្រាមកំហែងដល់សុខភាពសាធារណៈនៅឆ្នាំ២០២៥។

ឯកឧត្តមក៏បានថ្លែងអំណរគុណដល់សប្បុរសជនទាំងក្នុង និងក្រៅខេត្តដែលជានិច្ចកាលតែងឧបត្ថម្ភជាសម្ភារៈ ថវិកា ដល់សាខា អនុសាខា ដើម្បីមានលទ្ធភាពដោះស្រាយបញ្ហានានាដល់ជនងាយរងគ្រោះ និងរងគ្រោះផ្សេងៗបានទាន់ពេលវេលា។ សម្ភារដែលបានចែកជូននាពេលនេះមានចំនួនតិចតួច មិនអាចឆ្លើយតបទៅនឹងតម្រូវការ របស់បងប្អូននោះទេ ប្រការសំខាន់គឺត្រូវខិតខំប្រកបរបរបន្ថែមតាមជំនាញរៀងខ្លួន តាមរយៈការដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីលើកស្ទួយជីវភាពគ្រួសារបានមួយកម្រិត។ ហើយត្រូវណែនាំកូនចៅឲ្យគោរពច្បាប់ចរាចរណ៍ និងជៀសឲ្យឆ្ងាយពីគ្រឿងញៀន។ ជាមួយគ្នានោះ ឯកឧត្តម បានពាំនាំនូវសារអំពាវនាវរបស់សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន  និងបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវពង្រីកសកម្មភាពផ្សព្វផ្សាយ អប់រំផ្សព្វផ្សាយ លើកកម្ពស់ ការយល់ដឹងពីបញ្ហាអេដស៍ និងជំងឺកូវីដ-១៩ ឱ្យបានដល់សហគមន៍ជនបទ ឲ្យបានទូលំទូលាយ។

អំណោយ និងសម្ភារដែលសាខាបានផ្តល់ជូនទាំង ២០គ្រួសារ ក្នុង១គ្រួសារទទួលបានអង្ករ៣០ គ.ក្រ មី ១កេស ត្រីខកំប៉ុង ១០កំប៉ុង ទឹកស៊ីអ៊ីវ ៦ដប សាប៊ូដុំ ៤ដុំ ទឹកដោះគោខាប់ ៥កំប៉ុង មុង ១ ភួយ១ សារ៉ុង១ ក្រម៉ា១ អាវយឺត២ ថវិកាធ្វើដំណើររបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ៥០.០០០ រៀល។ ឯកឧត្តមបានឧបត្ថម្ភបន្ថែមថវិកាផ្ទាល់ក្នុង១គ្រួសារ ចំនួន ៣០.០០០ រៀល៕

cbn

Leave a Reply

Your email address will not be published. Required fields are marked *