ខេត្តព្រះវិហារ៖ពិធីប្រកាសតែងតាំងប្រធានមន្ទីរបរិស្ថានថ្មីនៃខេត្តព្រះវិហារលោកសុងច័ន្ទសុជាតិត្រូវបានចូលកាន់តំណែងនៅព្រឹកថ្ងៃទី២៨ខែធ្នូឆ្នាំ២០២០នេះជំនួសលោកអ៊ាសុខាដែលត្រូវបានផ្ទេរភារកិច្ចទៅបម្រើការនៅក្រសួងបរិស្ថាន។
ពិធីនេះប្រារពធ្វើឡើងក្រោមវត្តមានលោកសូខនឫទ្ធីគុណរដ្ឋលេខាធិការក្រសួងបរិស្ថានតំណាងលោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន,លោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ,លោកប្រាក់សុវណ្ណ អភិបាលខេត្តព្រះវិហារដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្តមន្ត្រីរាជការតាមមន្ទីរអង្គភាព,អភិបាលស្រុក,ក្រុង ជាច្រើនរូប។
លោកសូខនឫទ្ធីគុណរដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា៖ក្នុងនាមក្រសួងបរិស្ថានសូមលោក,លោកស្រីជាថ្នាក់ដឹកនាំមន្ទីរបរិស្ថានក៏ដូចជាមន្ត្រីបរិស្ថានដែលបានតែងតាំងថ្មីហើយប្រកាសឱ្យចូលកាន់មុខតំណែងនៅថ្ងៃនេះ។គឺត្រូវខិតខំអនុវត្តន៍តួនាទីភារកិច្ចរបស់ខ្លួនឱ្យកាន់តែទទួលបានលទ្ធផលល្អប្រសើរថែមទៀត។
ក្នុងរយៈពេលជាង២ទស្សវត្តន៍កន្លងមកនេះប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញមានស្ថិរភាពនយោបាយល្អប្រសើរតាមរយៈការអនុវត្តន៍គោលនយោបាយឈ្នះ-ឈ្នះក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវនៃរាជរដ្ឋាភិបាលកម្ពុជា។ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីបានធ្វើឱ្យកម្ពុជាជម្នះបានការលំបាកគ្រប់គ្រងបានទាំងស្ថានភាពនយោបាយសេដ្ឋកិច្ចនិងសង្គម។ជាពិសេសទប់ទល់បាននូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
លោកប្រាក់សុវណ្ណអភិបាលខេត្តព្រះវិហារបានណែនាំឱ្យប្រធានមន្ទីរបរិស្ថានថ្មីត្រូវពង្រឹងស្មារតីសាមគ្គីភាពឯកភាពផ្ទៃក្នុងឱ្យបានល្អចូលរួមចំណែកឱ្យបានសកម្មក្នុងការអនុវត្តន៍គោលនយោបាយវិមជ្ឈការនិងសហវិមជ្ឈការក្នុងការអនុវត្តន៍នៅរដ្ឋបាលថ្នាក់ក្រោមជាតិ៕