ព័ត៌មានជាតិ

លោកជិនម៉ាលីនបញ្ជាក់ជូន៣ចំណុចអំពីទិដ្ឋភាព​ច្បាប់នៃការចេ​ញអធិបញ្ជារប​​ស់រដ្ឋម​ន្រ្តីយុត្តិធម៌

នៅថ្ងៃទី២៧​ខែធ្នូឆ្នាំ២០២០នេះលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកលោកជិនម៉ាលីនរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្ដិធម៌បានបញ្ជាក់ជូន៣​ចំណុចអំពីទិដ្ឋភាពច្បាប់នៃការចេញអធិបញ្ជារបស់រដ្ឋមន្រ្តីយុត្តិធម៌បន្ទាប់​ពី​មានការស្នើសុំឱ្យព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញចាត់វិធានការផ្លូវច្បាប់​ជា​បន្ទាន់និងតឹងរឹងបំផុតលើលោកសម រង្ស៊ី ចំពោះករណីប្រមាថអង្គ​ព្រះមហាក្សត្រ។លោកជិន ម៉ាលីន បានលើកឡើងនូវ៣​ចំណុចអំពីទិដ្ឋភាពច្បាប់នៃការចេញ​អធិបញ្ជារបស់រដ្ឋមន្រ្តី​យុត្តិធម៌ដែលរួមមាន១. ការប្រមាថដល់អង្គព្រះមហាក្សត្រមិនមែនជាការអនុវត្តសិទ្ធិ​សេរី​ភាព​នៃការបញ្ចេញមតិនោះទេ តែជាបទល្មើសព្រហ្មទណ្ឌដែលមានចែង​និងផ្តន្ទាទោស​តាម​បញ្ញតិ​នៃមាត្រា៤៣៧ស្ទួននៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជានិងជាការរំលោភ​បំពាន​យ៉ាងធ្ងន់ធ្ងរផងដែរលើស្មារតីមាត្រា៧នៃរដ្ឋធម្មនុញ្ញកម្ពុជា។ ២.ការចេញអធិ​បញ្ជារបស់​រដ្ឋ​មន្រ្តីយុត្តិធម៌ មិនមែនជាការធ្វើតាមការបង្គាប់បញ្ជារបស់​ស្ថាប័ន ឬឥស្សរជន​ណានោះទេ តែគឺ​ជាការអនុវត្តតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនក្នុងនាម​ជារដ្ឋ​មន្រ្តីយុត្តិធម៌និង​ស្រប​តាមបញ្ញត្តិមាត្រា២៩ នៃក្រមនីតិវិធិព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅ​ការពារសេចក្តីថ្លៃថ្នូរ និងព្រះកិត្តិនាមរបស់អង្គព្រះមហាក្សត្រដែលជាទីគោរព​សក្ការៈដ៏ខ្ពង់​ខ្ពស់បំផុតរបស់ប្រជាជាតិខ្មែរ។
ចំពោះចំណុច៣.គឺការចេញអធិបញ្ជារបស់រដ្ឋមន្រ្តីយុត្តិធម៌ដល់ស្ថាប័នអយ្យការមិន​មែ​នជាការរំលោភបំពានលើអំណាចតុលាការនោះទេព្រោះថារដ្ឋមន្រ្តីយុត្តិធម៌​ជាប្រធានថា​នានុ​ក្រមនៃស្ថាប័នអយ្យការដែលតំណាងឱ្យស្ថាប័ននីតិប្រតិបត្តិក្នុងការអនុវត្តនយោបាយ​ព្រហ្ម​ទណ្ឌរបស់រាជរដ្ឋាភិបាលក្នុងគោលដៅការពារនិងថែរក្សាសន្តិសុខសង្គមសណ្តាប់​ធ្នាប់សាធារណៈ និងផលប្រយោជន៍ជាតិ៕

cbn

Leave a Reply

Your email address will not be published. Required fields are marked *