បាត់ដំបង៖ភ្ញៀវទេសចរក្នុងស្រុកជ្រើសរើសតំបន់ទឹកធ្លាក់អូរជាំបោះតង់សម្រាកលំហែកាយចុងសប្តាហ៍។
កញ្ញា កេសី ជានិស្សិតរស់នៅក្នុងស្រុកសង្កែ ខេត្តបាត់ដំបងបានឱ្យដឹងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ថា៖ នាងជាមួយមិត្តភក្តិមានគ្នាទាំងអស់ចំនួន៨នាក់បំណងដំណើរកម្សាន្តថ្ងៃនេះដើម្បីសម្រាកមួយយប់ផ្លាស់ប្តូរបរិយាកាស។ពិសេសពេលរាត្រីនៅជ្រលងភ្នំនិងមានទឹកថ្លាឆ្វេងហូរគួចត្របាញ់យ៉ាងត្រជាក់ដែលធ្វើគ្រប់គ្នាមានអារម្មណ៍សប្បាយរីករាយ និងស្រស់ស្រាយជាទីបំផុត។
កញ្ញាកេសីបានបន្តថា៖ក្រុមនាងបានជ្រើសរើសគោលដៅតំបន់ទឹកធ្លាក់អូរជាំក្នុងការដើរលេងបន្ធូរអារម្មណ៍នេះដោយសារសម្លឹងឃើញថានៅទីនេះជាតំបន់ធម្មជាតិពណ៌ប៉ៃតងនៅព័ទ្ធជុំវិញមានឮសំឡេងសត្វស្រែកយុំទ្រហឹងអឺងកង។ស្នូរសំឡេងទឹកហូររងំនិងម្យ៉ាងទៀតវាជាបំពេញសេចក្តីប្រាថ្នារបស់ពួកនាងដែលប៉ងតាំងពីយូរមកផង។
ចំណែកលោកម៉េងជាំងអ្នកគ្រប់គ្រងសហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំបានបញ្ជាក់ឱ្យដឹងដែរថា៖តំបន់អេកូទេសចរណ៍ទឹកធ្លាក់អូរជាំមានទីតាំងស្ថិតនៅក្នុងភូមិអូរជាំឃុំកំពង់ល្ពៅស្រុកសំឡូតខេត្តបាត់ដំបងបានចាប់ផ្តើមទទួលភ្ញៀវឱ្យចូលលេងតាំងពីឆ្នាំ២០១៣មក។ក្នុងស្ថានភាពដែលប្រទេសរងការប៉ះពាល់ដោយជំងឺកូវីដ-១៩លើកដំបូងភ្ញៀវបានថយចុះយ៉ាងច្រើន។ប៉ុន្តែរយៈពេលចុងក្រោយនេះភ្ញៀវទេសចរបានហក់ឡើងខ្ពស់ជាបន្តបន្ទាប់ឡើងវិញភាគច្រើនភ្ញៀវចូលមកសម្រាកដោយបោះតង់នៅពេលយប់ដែលសហគមន៍បានរៀបចំត្រៀមទុក។
លោក ម៉េង ជាំង បន្ថែមថា៖តំបន់ទេសចរណ៍ទឹកធ្លាក់អូរជាំមានការការពារសុវត្ថិភាពយ៉ាងល្អប្រសើរ មានកម្លាំងសមាជិកសហគមន៍រួមទាំងកម្លាំងប្រជាការពារ។មួយចំនួនទៀតយាមប្រចាំការដើម្បីធានាសន្តិសុខជូនដល់ភ្ញៀវដែលចូលលេងកម្សាន្តនៅទីនេះ។
កាលពីមុននៅទីនេះមានភ្ញៀវចូលលេងត្រឹមតែថ្ងៃបុណ្យទានប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ននេះមានភ្ញៀវបែបជាលក្ខណ:គ្រួសារ ជាលក្ខណ:មិត្តភក្តិ ឬក្រុមការងារផង បាននាំគ្នាចូលលេងលំហែរកាយជារៀងរាល់ពេលមិនដែលលស់ថ្ងៃឡើយ។ភ្ញៀវភាគច្រើនជាភ្ញៀវនៅក្នុងស្រុកមានមកពីខេត្តជាច្រើនដូចជា:ខេត្តបាត់ដំបងភ្នំពេញខេត្តសៀមរាបប៉ៃលិននិងខេត្តបន្ទាយមានជ័យជាដើម។
រយៈពេល១០ខែដើមឆ្នាំ២០២០នេះមានភ្ញៀវទេសចរដែលចូលមកលេងក្នុងខេត្តបាត់ដំបងមានសរុបចំនួន ៤៤៨.២១៩ នាក់។ ក្នុងនោះភ្ញៀវជាតិមានចំនួន ៤១៦.០៦២ នាក់ និងភ្ញៀវអន្តរជាតិមានចំនួន ៣២.១៥៧ នាក់៕