ព័ត៌មានជាតិ

អាជ្ញាធរខេត្ត​ប្រើ​វិធានការ​រៀបចំ​សណ្តាប់ធ្នាប់​ផ្សារ​ផ្អាវ​ឱ្យ​រៀបរយ​ឡើងវិញ​

កំពង់ចាម​:​ការលក់ដូរ​,​ការសង់​សំណង់​,​និង​ការចាក់ដី​លើ​ចំណី​ថ្នល់​ដែល​បង្ក​ឱ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណ​នៅ​ផ្សារ​ផ្អាវ​ស្រុក​បាន​បាធាយ​ត្រូវបាន​រៀបរយ​ឡើងវិញ​ក្រោយពី​អាជ្ញាធរខេត្ត​ប្រើប្រាស់​វិធានការ​អនុវត្ត​ជាក់ស្តែង​រយ​:​ពេល​ប្រមាណ​មួយខែ​កន្លងទៅ​។​ប៉ុន្តែ​នៅតែ​បន្ត​ដាក់​កម្លាំង​ប្រចាំការ​ឃ្លាំមើល​២៤​ម៉ោង​លើ​២៤​ម៉ោង​។​

​លោក ម៉ោង ទាវ មេឃុំ​ផ្អាវ​បានឱ្យដឹង​នៅ​ថ្ងៃទី ៣១ ខែសីហា ឆ្នាំ​២០២០​ថា ផ្លូវ​ខាងមុខ និង​ចំហៀង​ផ្សារ​ទាំងពីរ​ខ្សែ​មាន​លក្ខណ​:​ធំ​ទូលាយ​ជាង​កាលពី​ខែ​មុន​។​បន្ទាប់ពី​គណ​:​កម្ម​ការ​ចម្រុះ​របស់​ខេត្ត​ដឹកនាំ​ដោយ​លោក អ៊ុំ​ភឿន គុណ​វុ​ឌ្ឍ​អភិបាលរង​ខេត្តកំពង់ចាម និង​លោក​សំ ពិសិដ្ឋ នាយករង​រដ្ឋបាលខេត្ត​នេះ បាន​ចុះ​ជួប​ផ្ទាល់​ជាមួយ​បងប្អូន​អាជីវករ​ដែល​លក់ដូរ​លើ​ចំណី​ថ្នល់ ឱ្យចូល​លក់​ក្នុង​ផ្សារ​វិញ​នោះ​។​

​លោក​មេឃុំ​ផ្អាវ​បានឱ្យដឹង​ទៀតថា គណ​:​កម្ម​ការ​មួយ​នេះ បាន​សុំឱ្យ​ម្ចាស់​លំនៅស្ថាន ឬ​ហាង​ទំនិញ​ដែល​សង់​សំណង់​បំពាន​លើ​ចំណី​ថ្នល់​រុះរើ និង​កាត់​តម្រឹម​ឱ្យ​ផុតពី​ចំណី​ថ្នល់ ហើយ​បាន​ឈូសឆាយ​សម្អាត​ដី​ចេញ​ពីលើ​ទ្រូង​ថ្នល់ និង​កាយ​ដី​ចេញ​ដែល​បង្ក​ឱ្យ​ស្ទះ​ទឹក​លើ​ថ្នល់​។ ឥឡូវ​ជា​លទ្ធផល​វិធានការ​រៀបចំ​សណ្តាប់ធ្នាប់ ផ្សារ​ផ្អាវ​បានសម្រេច​ស្ទើរ ១០០ ភាគរយ គឺ​នៅ​សេសសល់​ការងារ​ប្រព័ន្ធ​រំដោះ​ទឹក និង​បញ្ហា​សំណង់​ខាងក្រោយ​ផ្សារ​នេះ​ប៉ុណ្ណោះ​។​
​ ​ប៉ុន្តែ​ជុំវិញ​ករណី​រៀបចំ​សណ្តាប់ធ្នាប់​ផ្សារ​ផ្អាវ​នេះ​តាម​ប្រភពព័ត៌មាន​ពី​មន្ត្រី​សាលាខេត្ត​បានឱ្យដឹងថា ក្នុងការ​ដឹកនាំ​មន្ត្រី​ចុះ​ពិនិត្យ​ផ្សារ​ផ្អាវ​កាលពី​ថ្ងៃទី ៣០ ខែសីហា ឆ្នាំ​២០២០ លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម​សម្រេច​ឱ្យ​អាជ្ញាធរ​ស្រុក​បាធាយ​បន្ត​អនុវត្ត​ការងារ​ដែល​នៅសល់​រហូត​ទទួលបាន​លទ្ធផល​ទាំងស្រុង​។​
​គួរ​បញ្ជាក់ថា កាលពី​ចុងខែ​កក្កដា ឆ្នាំ​២០២០ អាជ្ញាធរខេត្ត​កំពង់ចាម​បាន​បង្កើត​គណ​:​កម្ម​ការ​ចម្រុះ ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់​ផ្សារ​ផ្អាវ ក្រោយពី​មាន​សំណើសុំ​ជួយ​អន្តរាគមន៍​ពី​អាជ្ញាធរ​ស្រុក​បាធាយ​។

ដោយសារ​ផ្សារ​មួយ​នេះ​ដែលមាន​តូប​និង​គ្រែ​លក់ដូរ​សរុប​ចំនួន​២៥៤​កន្លែង​បែរជា​មាន​អ្នក់លក់ដូ​រលើ​ចំណី​ថ្នល់​ចំនួន ២៦៥ កន្លែង គឺ​បង្ក​ឱ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណ​: និង​បរិស្ថាន​យ៉ាងធ្ងន់ធ្ងរ​។ បើទោះជា​អាជ្ញាធរ​ស្រុក​នេះ​ធ្លាប់​បានចេញ​លិខិត​ជូនដំណឹង​និង​ណែនាំ​ឱ្យចូល​ទៅ​លក់​នៅក្នុង​ផ្សារ​យ៉ាងណាក្តី​៕​

  

cbn

Leave a Reply

Your email address will not be published. Required fields are marked *