ព័ត៌មានជាតិ

ផ្សព្វផ្សាយ​ច្បាប់​ពាក់ព័ន្ធ​នឹង​វិវាទ​ដីធ្លី​រវាង​ក្រុមហ៊ុន​និង​ពលរដ្ឋ​១៥៧​គ្រួសារ​

ព្រះវិហារ​៖​កាលពី​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២០​លោក ហោ ប៊ុនហួរ អភិបាល ស្រុក​រវៀង បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ផ្សព្វផ្សាយ​ច្បាប់​ភូមិបាល​,​ច្បាប់រដ្ឋបាល​ព្រៃឈើ ,​ពាក់ព័ន្ធ​នឹង​វិវាទ​ដីធ្លី​រវាង​ក្រុមហ៊ុន គឹម​ជា​ធួន ជាមួយ​ប្រជាពលរដ្ឋ​ចំនួន ១៥៧​គ្រួសារ នៅក្នុង​ភូមិ​អូរ​ទ្រ​លោក ឃុំ​រមទម ស្រុក​រវៀង ខេត្តព្រះវិហារ​។​

លោក ស៊ុ ស៊ី​វុត្ថា នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​រវៀង បានឱ្យដឹងថាៈ​ក្រុមហ៊ុន គឹម ជា​ធួន បាន​វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ឆ្នាំ​២០១១ លើ​ផ្ទៃដី​ចំនួន ៨.៨៤៦​ហិកតា ។​នៅ​ឆ្នាំ​២០១៤ ត្រូវបាន​ក្រុមការងារ​ឃ្វាល​ចេញ​នូវ​ដី​ប៉ះពាល់​ចំនួន ៩១៤​គ្រួសារ ស្មើនឹង​២.២៣០,៨១​ហិកតា ដោយ​ក្រុមហ៊ុន​នៅសល់​ផ្ទៃដី​សរុប​ចំនួន ៦.៦១៥,១៩​ហិកតា​។​

​ក្រោយពី​បាន​ស្តាប់​នូវ​ការផ្សព្វផ្សាយ​ច្បាប់​ភូមិបាល និង​ច្បាប់រដ្ឋបាល​ព្រៃឈើ​រួចមក បងប្អូន​ប្រជាពលរដ្ឋ ក៏មាន​សំណួរ​សួរ​ទៅខាង​ក្រុមការងារ​។ ភ្លាមៗ​នោះ​ជំនាញ​ពាក់ព័ន្ធ​បានធ្វើការ​បកស្រាយ និង​បញ្ជាក់​យ៉ាងច្បាស់​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទៅតាម​សំណួរ​នីមួយៗ​។​

​លោក ហោ ប៊ុនហួរ អភិបាលស្រុក​រវៀង បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ លោក​ប្រាក់ សុវណ្ណ អភិបាលខេត្ត​ព្រះវិហារ និង​លោក​ឡុង សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​ខេត្តព្រះវិហារ ដែល​លោក​តែងតែ​គិតគូរ​អំពី​សុខទុក្ខ និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ជានិច្ច​។​

​លោក​អភិបាលស្រុក បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ដែលមាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​គឹម​ជា​ធួន​សូមកុំ​ជឿ​តាម​ការ​ញុះញុង បំផុសបំផុល​ពី​សំណាក់​មេខ្យល់​ពីក្រោយ​ខ្នង និង​សូមឱ្យ​ប្រជាពលរដ្ឋ​កុំ​បន្ត​ការកាប់​រាន ទន្ទ្រាន​យក​ដី​រដ្ឋ​ដើម្បី​ធ្វើជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​។​

​លោក​អភិបាលស្រុក​រវៀង បានបញ្ជាក់​បន្ថែមថា សំណើ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បានលើកឡើង​នៅពេលនេះ លោក​នឹងធ្វើ​របាយការណ៍​ជូនទៅ​អភិបាលខេត្ត​ព្រះវិហារ​ដើម្បី​ពិនិត្យ និង​សម្រេច​ជា​បន្តទៀត​។​លោក ហោ ប៊ុនហួរ ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ត្រូវខិតខំ​យកចិត្តទុកដាក់​ថែរក្សា​សុខភាព ប្រកាន់ខ្ជាប់​នូវ​អនាម័យ​ល្អ (​ហូប​ស្អាត ផឹក​ស្អាត និង​រស់នៅ​ស្អាត​)​ដើម្បី​ជៀសវាង​ពី​ជំងឺ​នានា ជាពិសេស​ត្រូវ​រួមគ្នា​ទប់ស្កាត់​ជម្ងឺឆ្លង​កូ​វីដ​១៩​។

គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ទាំងអស់គ្នា កាត់បន្ថយ​ការគ្រោះថ្នាក់​ដល់​អាយុជីវិត​របស់​បងប្អូន​។ ត្រូវ​ចៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ព្រោះ​គ្រឿងញៀន​បាន​បំផ្លាញ​ខ្លួនឯង ក្រុមគ្រួសារ និង​សង្គមជាតិ​៕

   

cbn

Leave a Reply

Your email address will not be published. Required fields are marked *