ព័ត៌មានជាតិ

ឯកឧត្តម គួច ចំរើន អញ្ជើញចុះសួរសុខទុក្ខអតីតគ្រួសារយុទ្ធជនចំនួន០៤គ្រួសារដល់លំនៅដ្ឋានរៀងៗខ្លួន

ខេត្តព្រះសីហនុ ៖ បើទោះបីជាមានការហត់នឿយយ៉ាងណាក្តី នៅរសៀលថ្ងៃអង្គារ៍ ៧កើត ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ សមាជិកសមាគមន៍អតីតយុទ្ធជន គណៈកម្មាធិការសមាគមន៍អតីតយុទ្ធជនកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខអតីតគ្រួសារយុទ្ធជនចំនួន០៤គ្រួសារដល់លំនៅដ្ឋានរៀងៗខ្លួន ស្ថិតឃុំចំនួន២ ក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

យោងតាមការបញ្ជាក់ពី លោក ឃាង ភិរម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុបានឲ្យដឹងថា អតីតយុទ្ធជនកម្ពុជាចំនួន០៤ គ្រួសាររួមមាន ៖ ទី១.ឈ្មោះ មុំ ថារ៉ា ភេទប្រុស និវត្តជន ស្ថិតនៅភូមិ១ ឃុំអូរត្រេះ។ ទី២.ឈ្មោះ សំ សារឿន ភេទប្រុស ពិការជើង ស្ថិតនៅភូមិ២ ឃុំកំពេញ។ ទី៣.ឈ្មោះ អោម ប៊ុនសៀក ភេទប្រុស ពិការ ស្ថិតនៅភូមិ១ ឃុំទំនប់រលក និងទី៤.ឈ្មោះ ឈឿន សាវឿន ភេទប្រុស ពិការ ស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ក្នុងនោះដែរឯកឧត្ដម និងលោកជំទាវបាននាំយក អង្ករ ២៥គីឡូ  ធុងទឹក១ មី១កេស ភួយ១ មុង១ កន្ទេល១ ទឹកត្រី៥ ដប ទឹកស៊ីអ៊ីវ៥ដប ត្រីខ ១យួរ ប្រេងឆា ១ដប និងថវិការមួយចំនួនផងដែរ។

ថ្លែងក្នុងឱកាសចុះសាកសួរសុខទុក្ខនេះផងដែរ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្ត បានបង្ហាញអំពីជំហររបស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្ត តែងតែគិតគូរអំពីសុខទុក្ខបងប្អូន អតីតគ្រួសារយុទ្ធជន មិនបានបោះបង់បងប្អូនម្តងណាឡើយ ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោកតែងតែផ្តល់អនុសាសន៏ ដល់មន្ត្រីគ្រប់ជាន់ថ្នាក់ ត្រូវធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋទទួលបាននូវភាពកក់ក្តៅ ជ្រកក្រោមម្លប់សន្តិភាពតែមួយ៕

cbn

Leave a Reply

Your email address will not be published. Required fields are marked *