រុស្ស៊ី ៖ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាឧទ្ធម្ភាគចក្ររុស្ស៊ី Mi-8 និង Mi-24 នឹងបញ្ជូនចូលរួមនៅក្នុងប្រតិបត្តិការរក្សាសន្តិភាពដើម្បីដោះស្រាយជម្លោះនៅតំបន់ Nagorno-Karabakh។ នេះបើយោងតាមប្រភពពីសារព័ត៌មាន sputniknews។ ឧទ្ធម្ភាគចក្រប្រភេទ Mi-8 និង Mi-24 ចំនួន៨ គ្រឿងត្រូវបានបញ្ជូនទៅកាន់អាកាសយានដ្ឋានមួយនៅក្នុងទីក្រុង Yerevan ដោយដឹកជញ្ជូននៅក្នុងយន្តហោះយោធាប្រភេទ An-124 Ruslan។ អគ្គសេនាធិការកងទ័ពរុស្ស៊ីរាយការណ៍ថា កងរក្សាសន្តិភាពរុស្ស៊ី៤១៤នាក់ រថយន្ដរាប់សិបគ្រឿង និងយានយន្តផ្សេងៗទៀតព្រមទាំងឧទ្ធម្ភាគចក្រ និងយន្តហោះគ្មានមនុស្សបើកចំនួន៨ គ្រឿងត្រូវបានបញ្ជូនទៅកាន់តំបន់ Nagorno-Karabakh ក្នុងមួយថ្ងៃ។ ទន្ទឹមនោះបុគ្គលិកយោធាចំនួន ១,៩៦០ នាក់ប្រដាប់ដោយអាវុធធុនតូច រថពាសដែក ៩០ គ្រឿង រថយន្តយោធា ៣៨០ គ្រឿង និងឧបករណ៍ផ្សេងទៀតក៏ត្រូវបានបញ្ជូនទៅកាន់តំបន់នោះផងដែរ។ គួរបញ្ជាក់ថា មេដឹកនាំរុស្ស៊ី អាមេនីនិង អាស៊ែបៃហ្សង់ បានអនុម័តសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃច័ន្ទ ស្តីពីការបញ្ឈប់អរិភាពនៅក្នុងតំបន់ជម្លោះ Nagorno-Karabakh ដែលកំពុងបន្តផ្ទុះឡើងចាប់តាំងពីចុងខែកញ្ញា។ ហើយបទឈប់បាញ់បានចូលជាធរមាននៅម៉ោង២១៖ ០០នាទីម៉ោងក្នុងតំបន់នៅថ្ងៃដដែលផងដែរ៕
ព័ត៌មានអន្តរជាតិ
ចិនថា៖វៀតណាមគ្មានប្រវត្តិមានកោះនៅក្នុងសមុទ្រចិនខាងត្បូងទេចេញឱ្យឆ្ងាយ
អន្តរជាតិ៖ទីភ្នាក់ងារសារព័ត៌មានVNExpressរបស់វៀតណាមនាពេលថ្មីៗនេះបានស្រង់សម្តីលោកស្រី LeThiThuHangអ្នកនាំពាក្យក្រសួងការបរទេសវៀតណាមដែលបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយសំដៅបញ្ជាក់ប្រាប់ទៅទីក្រុងប៉េកាំងថា៖បើផ្អែកលើច្បាប់អន្តរជាតិនិងទីតាំងប្រវត្តិសាស្ត្រកោះស្ព្រាតលី និងប៉ារ៉ាសែល គឺជាកម្មសិទ្ធិផ្តាច់មុខរបស់វៀតណាម ។ វៀតណាមប្រើច្បាប់អន្តរជាតិនិងប្រវត្តិសាស្ត្រដើម្បីតតាំងជាមួយចិនដោយអះអាងថាខ្លួនមានមូលដ្ឋានច្បាប់អន្តរជាតិនិងទីតាំងប្រវត្តិសាស្ត្រគ្រប់គ្រាន់ក្នុងការបញ្ជាក់ថាដែនកោះធំៗចំនួនពីរនិងទីតាំងផ្ទៃសមុទ្រមួយចំនួន ទៀតនៅសមុទ្រចិនខាងត្បូង គឺជាកម្មសិទ្ធិរបស់វៀតណាមតាំងពីដូនតាមក។ ដូចនេះវៀតណាមដាច់ខាតត្រូវតែយកដែនកោះធំៗចំនួនពីរដែលចិនបានរំលោភយកមកវិញទាល់តែបានទោះប្រើមធ្យោបាយអ្វីក៏ដោយ។អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមរូបនេះក៏បានអំពាវនាវឱ្យគ្រប់ប្រទេសទាំងអស់គោរពនិងអនុវត្តឱ្យបានពេញលេញខ្លឹមសារច្បាប់អន្តរជាតិនានារួមទាំងច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិឆ្នាំ១៩៨២។ ក្រសួងការបរទេសវៀតណាមក៏បានហៅសមយុទ្ធចិននៅក្នុងសមុទ្រចិនខាងត្បូងកាលពីកន្លងទៅថ្មីៗថា«ជាការបំពានដែនអធិបតេយ្យវៀតណាមធ្ងន់ធ្ងរ»ហើយអាចជះឥទ្ធិពលអាក្រក់លើទំនាក់ទំនងរដ្ឋាភិបាល ក្រុងប៉េកាំង ជាមួយសហគមន៍អាស៊ាន។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ដោយដកស្រង់កំណត់ទូតវៀតណាម ផ្ញើទៅភាគីចិន។ ដោយឡែក ទាក់ទិននឹងជម្លោះ ដណ្តើមដែនទឹក និងកោះនៅក្នុងសមុទ្រចិនខាងត្បូងនេះដែរ ក្រុងប៉េកាំងធ្លាប់បានព្រមានវៀតណាមច្បាស់ៗថាវៀតណាមកុំធ្វើឆ្អឹងទទឹងករនៅសមុទ្រចិនខាងត្បូងឱ្យសោះ។លើសពីនេះចិនបានសង្កត់ធ្ងន់ថា”វៀតណាមមិនមានជាប់ពាក់ព័ទ្ធនៅក្នុងសមុទ្រចិនខាងត្បូងទេសូមកុំលូកលាន់”។ សូមរំលឹកថាកាលពីដើមខែមេសាប្រទេសវៀតណាមបាននិយាយថាទូកនេសាទរបស់ខ្លួនមួយគ្រឿងត្រូវបានបុកពន្លិចដោយនាវាត្រួតពិនិត្យដែនសមុទ្រចិន។ប្រទេសចិនបាននិយាយថាការអះអាងរបស់វៀតណាមនៅសមុទ្រចិនខាងត្បូង គឺខុសច្បាប់ហើយនឹងត្រូវបរាជ័យ។ ពាក់ព័ន្ធនឹងបញ្ហានេះ មន្ត្រីអ្នកនាំពាក្យក្រសួងការបរទេសចិន ធ្លាប់បានអះអាងអំពីជំហររបស់ចិនថា ប្រជុំកោះប៉ារ៉ាស៊ែល ដែលចិនហៅថា“ស៊ីស្ហា”(Xisha)គឺជាទឹកដីរបស់ចិនដោយមិនមានជាប់ជម្លោះអ្វីជាមួយវៀតណាមនោះទេ។ដូច្នេះក្រុងហាណូយត្រូវតែបញ្ឈប់ការបំពងសំឡេងទាក់ទងនឹងជម្លោះនៅសមុទ្រចិនខាងត្បូងនេះតទៅទៀត។ព្រមទាំង“បញ្ឈប់រាល់ការរំខានដល់ប្រតិបត្តិការខួងរកប្រេងក្រោមបាតសមុទ្រនៅក្នុងតំបន់នោះ។ ភាពតានតឹងរវាងចិននិងវៀតណាមបានចាប់ផ្ទុះឡើងខ្លាំងកាលពីខែមុនក្រោយពីចិនបានចូលទៅខួងរកប្រេងក្រោមបាតសមុទ្រនៅក្បែរប្រជុំកោះប៉ារ៉ាស៊ែលដែលវៀតណាមចាត់ទុកថាជាតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន។ភាពតានតឹងនេះបានរាលដាលទៅជាអំពើកុប្បកម្មដុតបំផ្លាញរោងចក្រចិននៅក្នុងប្រទេសវៀតណាម រហូតបណ្តាលឱ្យមានពលរដ្ឋជាចិនជាច្រើននាក់ត្រូវស្លាប់ និងរបួស។ សូមបញ្ជាក់ដែរថាប្រតិបត្តិការខួងរកប្រេងក្រោមបាតសមុទ្រពីសំណាក់ចិននេះក៏ត្រូវទទួលរងនូវការរិះគន់ផងដែរពីសហរដ្ឋអាមេរិកដែលចាត់ទុកថាជា“ទង្វើបង្កហេតុ”។ចំណែកនាយករដ្ឋមន្ត្រីវៀតណាមវិញបានប្រកាសថាវៀតណាមពិចារណាចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំងចិនដាច់ខាត៕
នាវាដឹកយន្តហោះចម្បាំងអាមេរិក២គ្រឿងចាប់ផ្ដើមធ្វើសមយុទ្ធនៅសមុទ្រចិនខាងត្បូងឡើងវិញ
អាមេរិក ៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិកបានកាលពីថ្ងៃសុក្រថា នាវាដឹកយន្តហោះចម្បាំងរបស់កងទ័ពជើងទឹកអាមេរិក២គ្រឿងបានចាប់ផ្តើមធ្វើសមយុទ្ធនាវាពីរគ្រឿងដ៏កម្រឡើងវិញក្នុងសមុទ្រចិនខាងត្បូងដែលនេះជាលើកទី២ហើយក្នុងខែនេះដែលនាវាចម្បាំងដ៏ធំបានចូលមកក្នុងដែនទឹកដែលមានជម្លោះ ខណៈដែលចិននិងសហរដ្ឋអាមេរិកចោទប្រកាន់គ្នាទៅវិញទៅមកថា បានបង្កភាពតានតឹងនៅក្នុងតំបន់។ នេះបើយោងតាមប្រភពពី CNA។ កងទ័ពជើងទឹកអាមេរិកនិយាយថា នាវាដឹកយន្តហោះចម្បាំង USS Ronald និង USS Nimitz របស់ខ្លួនបានដឹកបុគ្គលិកយោធាអាមេរិកសរុបចូលគ្នាជាង១២,០០០នាក់និងយន្តហោះ១២០គ្រឿងនៅពេលវាកំពុងប្រតិបត្តិការក្នុងសមុទ្រចិនខាងត្បូងកាលពីថ្ងៃសុក្រ។ នៅក្នុងសេចក្តីថ្លែងការណ៍ដដែលបាននិយាយថានាវាផ្ទុកយន្តហោះទាំងពីរគ្រឿងកំពុងធ្វើសមយុទ្ធការពារដែនអាកាសជាយុទ្ធសាស្ត្រដើម្បីរក្សាការត្រៀមខ្លួនប្រយុទ្ធនិងសមត្ថភាពប្រយុទ្ធ។ វត្តមានរបស់នាវាចម្បាំង Nimitz និង Reagan ក្នុងសមុទ្រចិនខាងត្បូងកាលពីដើមខែនេះគឺជាលើកដំបូងដែលនាវាដឹកយន្តហោះអាមេរិកចំនួន២គ្រឿងបានធ្វើប្រតិបត្តិការជាមួយគ្នានៅទីនោះចាប់តាំងពីឆ្នាំ២០១៤មកហើយនេះទើបតែជាលើកទី២ប៉ុណ្ណោះចាប់តាំងពីឆ្នាំ២០០១មក។ សូមជម្រាបថា សមយុទ្ធនេះបានចាប់ផ្តើមនៅថ្ងៃទី៤ខែកក្កដាហើយមេបញ្ជាការរងកងទ័ពជើងទឹកលោក Sean Brophy នៅលើនាវា Reagan បាននិយាយកាលពីថ្ងៃទី៨ខែកក្កដា ថា “ក្រុមវាយប្រហារនីមួយៗបានបន្តបំពេញភារកិច្ចប្រតិបត្តិការរបស់ពួកគេរៀងៗខ្លួន”៕
ថៃបើកច្រកទ្វារអន្តរជាតិភ្នំដីឡើងវិញដើម្បីដឹកទំនិញរវាងខេត្តទាំង២កម្ពុជា-ថៃ
បាត់ដំបង៖ច្រកទ្វារអន្តរជាតិភ្នំដីស្ថិតក្នុងឃុំសន្តិភាពនៃស្រុកសំពៅលូនខេត្តបាត់ដំបងត្រូវភាគីថៃបើកឱ្យដំណើរការឡើងវិញចាប់ពីថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២០នេះតទៅ។ដើម្បីឱ្យភាគីទាំងសងខាងដឹកជញ្ជូនទំនិញចេញចូលរវាងខេត្តទាំង២គឺខេត្តស្រះកែវថៃខេត្តបាត់ដំបងកម្ពុជា។ លោកហឿងសុគន្ធអតីតអភិបាលរងខេត្តបាត់ដំបងបានប្រាប់អ្នកយកព័ត៌មានឱ្យដឹងថាខាងភាគីថៃបានបើកឱ្យដំណើរការឡើងវិញក្នុងការដឹកទំនិញចេញ-ចូលតាមច្រកទ្វារអន្តរជាតិភ្នំដីចាប់ពីថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២០នេះតទៅចាប់ពីម៉ោង៦ព្រឹក រដល់ម៉ោង៦ល្ងាចទើបបិទវិញ។ សូមបញ្ជាក់ថាច្រកទ្វារអន្តរជាតិភ្នំដីគីឡូ១៣រវាខេត្តបាត់ដំបងនិងខេត្តស្រះកែវច្រកទ្វារអន្តរជាតិនេះបានបិទមិនឱ្យដំណើរការចេញ-ចូលចាប់តាំងពីអំឡុងពាក់កណ្តាលខែមិនាឆ្នាំ២០២០មកម្ល៉េះ។នៅចន្លោះពាក់កណ្តាលខែមេសាក៏ខាងភាគីថៃអនុវត្តរបៀបនេះម្តងរួចមកហើយ ៕
កូរ៉េខាងជើង ៖ ខ្លួនគ្មានអារម្មណ៍ចង់អង្គុយប្រជុំកំពូលលើកទី៣ជាមួយអាមេរិកឡើយ
សេអ៊ូល ៖ អ្នកការទូតជាន់ខ្ពស់កូរ៉េខាងជើងម្នាក់បាននិយាយនៅថ្ងៃអង្គារទី ៧ ខែកក្កដានេះថា ប្រទេសកូរ៉េខាងជើងមិនមានចេតនាចង់អង្គុយចរាចលើកទី៣ជាមួយសហរដ្ឋអាមេរិកទេ ហើយជំរុញឱ្យកូរ៉េខាងត្បូងបញ្ឈប់ការជ្រៀតជ្រែកនេះ ខណៈដែលប្រេសិតអាមេរិកគ្រោងនឹងធ្វើទស្សនកិច្ចនៅទីក្រុងសេអ៊ូលក្នុងកិច្ចប្រឹងប្រែងមួយដើម្បីបន្តនុយក្លេអ៊ែរដែលជាប់គាំង។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃអង្គារ ទី០៧ ខែកក្កដា ឆ្នាំ២០២០។ លោក Kwon Jong Gun អគ្គនាយកទទួលបន្ទុកកិច្ចការអាមេរិកនៅក្រសួងការបរទេសក្រុងព្យុងយ៉ាងបានចោទប្រកាន់កូរ៉េខាងត្បូងថា បានបកស្រាយខុសនូវសេចក្តីថ្លែងការណ៍មុនរបស់លោក Choe Son Hui អនុរដ្ឋមន្រ្តីក្រសួងការបរទេសដែលបានច្រានចោលនូវពាក្យចចាមអារាមដែលមិនសមហេតុផលអំពីជំនួបកំពូលមួយទៀតរវាងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ ជុំវិញការបកស្រាយខុសខាងលើនេះ លោក Kwon បានឆ្លើយតបវិញថា កូរ៉េខាងជើងគ្មានអារម្មណ៍ត្រូវការ កិច្ចប្រជុំកំពូលថ្មីណាមួយនោះទេ។ ការលើកឡើងពីសំណាក់មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងនេះ ក៏ជាការឆ្លើយតបទៅនឹងការស្នើសុំ ពីសំណាក់ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន ផងដែរឲ្យលោក គីម ជុងអ៊ុន និងលោក ដូណាល់ ត្រាំ ជួបពិភាក្សាជាថ្មីឡើងវិញ ឲ្យបានមុខការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ។ លោក Kwon […]
កាសែតរដ្ឋចិនព្រមានថា៖ចិនត្រៀមកាំជ្រួចDF-21DនិងDF-26ដើម្បីកម្ទេចនាវាផ្ទុកយន្តហោះអាមេរិក
អន្តរជាតិ៖ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនThe Global Times កាលពីថ្ងៃសៅរ៍ទី៤កក្កដាថាការដែលអាមេរិកបញ្ជូននាវាផ្ទុកយន្តហោះកើនទ្វេដងមកកាន់សមុទ្រចិនខាងត្បូង«អាចធ្វើចិត្តរបស់គេ» តែចិនបានជ្រើសរើសទុកកាំជ្រួចពិឃាតនាវាផ្ទុកយន្តហោះធុនDF-21D និង DF-26រួចរាល់អស់ហើយ។ សូមបញ្ជាក់ថា កាលពីថ្ងៃសៅរ៍អាមេរិកបានបញ្ជូននាវាផ្ទុកយន្តហោះពីរគ្រឿងមកធ្វើសមយុទ្ធនៅសមុទ្រចិនខាងត្បូង ខណៈចិនបានកំពុងធ្វើសមយុទ្ធទ័ពជើងទឹកនៅក្នុងតំបន់នេះផងដែរ។ក្នុងការគំរាមដ៏ព្រឺខ្នង កាសែតរដ្ឋ Global Timesបាននិយាយថា ការវិភាគបានបញ្ជាក់ថា នាវាអាមេរិកអាចត្រូវបំផ្លាញចោលនៅពេលណាមួយដោយកាំជ្រួចសម្រាំងរបស់ចិន។ កាសែតបានសរសេរថា«សមុទ្រចិនខាងត្បូង ស្ថិតក្នុងកណ្តាប់ដៃរបស់កងទ័ពរំដោះប្រជាជនចិនទាំងស្រុង ហើយចលនារបស់នាវាដឹកយន្តហោះអាមេរិកណាមួយ នៅក្នុងតំបន់អាចត្រូវបំផ្លាញតាមចិត្តរបស់កងទ័ពរំដោះប្រជាជនចិន។ ដែលបានជ្រើសរើសទុកសព្វាវុធប្រឆាំងនាវាផ្ទុកយន្តហោះមួយចំនួនធំ ដូចជាកាំជ្រួចDF-21D និង DF-26ដែលមានរហសនាមថា “ជនពិឃាតនាវាផ្ទុកយន្តហោះ”»។ ចិននិងអាមេរិក បានចោទប្រកាន់គ្នាថាបង្កភាពតានតឹងនៅក្នុងផ្លូវទឹកយុទ្ធសាស្ត្រនេះ ចំពេលទំនាក់ទំនងរវាងមហាអំណាចទាំងពីរកំពុងជួបបញ្ហាស្រាប់មានចាប់ពីជំងឺឆ្លងកូវីដ១៩ ពាណិជ្ជកម្មនិងបញ្ហាហុងកុង។នាវាផ្ទុកយន្តហោះUSS Nimitz និង USS Ronald Reaganកំពុងធ្វើសមយុទ្ធនៅសមុទ្រចិនខាងត្បូង។ដើម្បីគាំទ្រតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរីនិងបើកចំហមួយនេះបើតាមសេចក្តីថ្លែងការណ៍របស់កងទ័ពជើងទឹកអាម៉េរិក ។ ឧត្តមនាវី ចច អឹម វីកូហ្វ ត្រូវបានកាសែតស្រង់សម្តីដូចដែលបាននិយាយថា «សមយុទ្ធនេះមិនមែនជាការឆ្លើយតបនឹងសមយុទ្ធចិនដែលក្រសួងការពារជាតិអាមេរិករិះគន់នោះទេ ។នាវាដឹកយន្តហោះអាមេរិកបានធ្វើការហ្វឹកហាត់នៅប៉ាស៊ីហ្វិកខាងលិចជាយូរមកហើយ រួមទាំងសមុទ្រចិនខាងត្បូង ។សមយុទ្ធលើកនេះមានបំណងបង្ហាញសញ្ញាទៅកាន់ដៃគូនិងសម្ពន្ធមិត្តថា យើងប្តេជ្ញារក្សាសន្តិសុខនិងស្ថិរភាពតំបន់»៕
សហរដ្ឋអាមេរិកមានអ្នកឆ្លង COVID-19 ច្រើនជាង៥ម៉ឺននាក់ក្នុងមួយថ្ងៃ
វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក ហាក់កំពុងធ្លាក់ចូលក្នុងស្ថានការណ៍កាន់តែធ្ងន់នៃការផ្ទុះករណីឆ្លង COVID-19 រលកទី២ បន្ទាប់ពី អាជ្ញាធរបានរកឃើញអ្នកឆ្លងថ្មីៗ រហូតដល់ទៅ៥៣,៧៣៣នាក់ តែក្នុងរយៈពេលមួយថ្ងៃប៉ុណ្ណោះនៅក្នុងរបាយការណ៍ប្រចាំថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃសុក្រ ទី០៣ ខៃកក្កដា ឆ្នាំ២០២០។ អាជ្ញាធរអាមេរិកបានមើលឃើញអត្រាឆ្លងខ្ពស់ៗបំផុត នៅក្នុងរយៈពេលបីថ្ងៃជាប់ៗគ្នានោះគឺថ្ងៃចន្ទ អង្គារ និងពុធសប្តាហ៍នេះ ខណៈរដ្ឋចំនួន ៣៧ ក្នុងចំណោម ៥០ សុទ្ធតែបានរាយការណ៍ពីករណីឆ្លង មានសន្ទុះកើនឡើងឥតឈប់ឈរ។ សហរដ្ឋអាមេរិកចាប់ផ្តើមផ្ទុះការឆ្លងរលកទី ២ បន្ទាប់ពីការបើកទ្វាររដ្ឋនានាឡើងវិញ និងការផ្ទុះបាតុកម្មទាមទាររកយុត្តិធម៌ឲ្យ បុរសស្បែកខ្មៅ ចច ហ្វ្លយដ៍ ដែលបានស្លាប់ក្រោមក្បាលជង្គង់ប៉ូលិសស្បែកស នៅក្នុងទីក្រុងមីននាផូលី រដ្ឋមីននីសូតា ចាប់តាំងពីចុងខែឧសភា ឆ្នាំ២០២០។ គ្រាន់តែរដ្ឋផ្លូរីដាមួយប៉ុណ្ណោះ ដែលមានប្រជាជនរស់នៅជាង ២១លាននាក់នោះ បានរកឃើញអ្នកឆ្លង COVID-19 ថ្មីៗរហូតដល់ទៅជាង ១០,០០០នាក់ នៅក្នុងពេល ២៤ម៉ោងកន្លងទៅនេះ។ បើគិតពីរយៈពេលមួយសប្តាហ៍ចុងខែមិថុនា កន្លងទៅនេះ សហរដ្ឋអាមេរិកបានរកឃើញអ្នកឆ្លង COVID-19 ជាមធ្យម ៤២,០០០នាក់ក្នុងមួយថ្ងៃ។ សូមជម្រាបថា បច្ចុប្បន្នសហរដ្ឋអាមេរិកមានករណីឆ្លង COVID-19 […]
ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៧លាននាក់ ស្លាប់ជាង ៤០ម៉ឺននាក់
បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បង្ហាញថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃចន្ទ ទី០៨ ខែមិថុនា ឆ្នាំ២០២០ នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៧,០៨១,៥៩៣នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៤០៥,០៧៤នាក់ និងជាសះស្បើយឡើងវិញ ៣,៤៥៣,៦៣៦នាក់។ គេហទំព័រដដែលបានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើនដដែល។ សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ២,០០៧,២៣២នាក់ ស្លាប់ចំនួន ១១២,៤៦៩នាក់ និងជាសះស្បើយចំនួន ៧៥៨,៥១២នាក់។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩នោះ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីលមានអ្នកឆ្លង ៦៩១,៩៦២នាក់ ស្លាប់ចំនួន ៣៦,៤៩៩នាក់ និងជាសះស្បើយ ៣០២,០៨៤នាក់។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសរុស្ស៉ី។ រុស្ស៉ី មានអ្នកឆ្លង ៤៦៧,៦៧៣នាក់ ស្លាប់ ៥,៨៥៩នាក់ និងជាសះស្បើយ ២២៦,៧៣១នាក់៕ […]
អារ៉ាប៊ីសាអូឌីតរកឃើញអ្នកឆ្លងជំងឺ COVID-19 ថ្មីចំនួន៣,០៤៥នាក់ថែមទៀត សរុបកើនដល់១០១,៩១៤ករណី
រីយ៉ាដ ៖ អាជ្ញាធរសុខាភិបាលអារ៉ាប៊ីសាអូឌីត បានប្រកាសកាលពីថ្ងៃអាទិត្យថា ចំនួនករណីឆ្លងជំងឺ COVID-19 បានកើនឡើងដល់១០១,៩១៤ករណីហើយ ក្រោយពីរកឃើញអ្នកឆ្លងជំងឺនេះ ៣,០៤៥នាក់ថ្មីទៀតតែក្នុងរយៈពេលមួយថ្ងៃ។ នេះបើតាមទីភ្នាក់ងារ ព័ត៌មានចិនស៊ីនហួរ។ បើតាមអាជ្ញាធរសុខាភិបាលប្រទេសមហាសេដ្ឋីប្រេងមួយនេះបានឲ្យដឹងថា ចំនួនអ្នកស្លាប់វិញ ក៏បានកើនឡើងរហូតដល់ ៧១២នាក់ផងដែរ បន្ទាប់ពីករណីស្លាប់ ៣៦នាក់ទៀត ទើបត្រូវបានប្រកាសនៅក្នុងរយៈពេលដូចគ្នា។ បន្ថែមពីនេះ អ្នកជំងឺ ១,០២៦នាក់ទៀតបានជាសះស្បើយ ធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុប ពីជំងឺ COVID-19 នៅអារ៉ាប៊ីសាអូឌីតកើនឡើងរហូតដល់ ៧២,៨១២នាក់។ អាជ្ញាធរបញ្ជាក់ថា បច្ចុប្បន្នអ្នកជំងឺ COVID-19 សរុប ២៨,៣៨៥នាក់កំពុងសម្រាកព្យាបាល នៅតាមមន្ទីរពេទ្យនៅទូទាំងប្រទេស ក្នុងនោះ ១,៥៦៤នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ដើម្បីទប់ទល់នឹងជំងឺរាតត្បាតសកល COVID-19 នេះ អារ៉ាប៊ីសាអូឌីតក៏បានសម្រេចចិត្តបញ្ចេញនូវទឹកប្រាក់សរុបជាង ២១ពាន់លានដុល្លារផងដែរ៕
លោក ត្រាំ បញ្ជាឲ្យដកកងទ័ពអាមេរិកទ្រង់ទ្រាយធំ ចេញពីប្រទេសអាល្លឺម៉ង់
អឺរ៉ុប ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាឱ្យយោធាដកកងទ័ពចំនួន ៩.៥០០ នាក់ចេញពីប្រទេសអាល្លឺម៉ង់ ដែលប្រការដែលទំនងជាបង្កើនក្តីបារម្ភនៅអឺរ៉ុបទាំងមូលអំពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការការពារទ្វីបនេះ។ បើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃសៅរ៍ ទី០៦ ខែមិថុនា ឆ្នាំ២០២០។ មន្ត្រីដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា ប្រសិនបើការសម្រេចចិត្តនេះ ត្រូវបានប្រកាសជាផ្លូវការនោះ កងទ័ពសហរដ្ឋអាមេរិកដែលកំពុងមានវត្តមាននៅអាល្លឺម៉ង់ នឹងត្រូវថយចុះពី ៣៤,៥០០នាក់ មកនៅត្រឹម ២៥,០០០នាក់ប៉ុណ្ណោះ នៅតាមមូលដ្ឋានយោធាតូចធំក្នុងប្រទេសអឺរ៉ុបមួយនេះចំនួន៣៧។ ការសម្រេចចិត្តរបស់លោក ដូណាល់ ត្រាំ ខាងលើនេះត្រូវបានគេមើលឃើញថា ជាការឆ្លើយតបចំពោះទំនាក់ទំនងដ៏តានតឹង រវាងលោកផ្ទាល់ជាមួយនឹងអធិការបតីអាល្លឺម៉ង់ លោកស្រី អាំងហ្គែឡា មើគែល (Angela Merkel) ចាប់តាំងពីលោក ដូណាល់ ត្រាំ ឡើងកាន់តំណែងប្រធានាធិបតីអាមេរិកបានមួយរយៈ ហើយស្ត្រីដ៏មានឥទ្ធិពលបំផុតលើពិភពលោករូបនេះ ក៏ទើបតែបានប្រកែកមិនចូលរួមកិច្ចប្រជុំកំពូល G7 ដែលលោក ដូណាល់ ត្រាំ ជាអ្នកអញ្ជើញដោយផ្ទាល់លើកទឹកដីអាមេរិកនោះផងផែរ៕